(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើរបាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាតក្នុងរយៈពេល១ថ្ងៃកន្លះដោយរបាយការណ៍បានលើកឡើងពីបទអន្តរាគមន៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពការផ្ទេរសមត្ថកិច្ចក្នុងវិស័យសុខាភិបាលមករដ្ឋបាលថ្នាក់ក្រោមជាតិការផ្ទេរសមត្ថកិច្ចក្នុងវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រោមជាតិ និងអំពីដំណើការ នៃការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ និងដំណើការ នៃរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីឱ្យសមាជិក សមាជិកានិងអ្នកពាក់ព័ន្ធបានទទួលជ្រាបយកទៅអនុវត្តសម្រាប់ឆ្នាំបន្ទាប់ព្រមទាំងបានធ្វើការពិភាក្សាផ្ដោតលើបទពិសោធន៍ បញ្ហាប្រឈម សំណើ សំណូមពរនានាក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទផ្តោតលើការផ្តល់សេវាសាធារណៈតាមរយៈអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្តការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុកនិងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ សមត្ថភាព និងឥរិយាបថរបស់មន្ត្រីផ្តល់សេវាសាធារណៈ។

ជាមួយនេះ អង្គសន្និបាតទាំងមូលបានប្ដេជ្ញាចិត្ត រួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពិសេសឆ្លើយតបទៅនឹង គោលដៅយុទ្ធសាស្ត្ររយៈពេលខ្លី នៃគោលនយោបាយ អាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល និង គោលដៅអភិវឌ្ឍន៍រយៈពេលវែង នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តគាំទ្រយ៉ាងពេញទំហឹង អនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបាវចនាចំនួន៥រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ថ្លែងក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី អស់លោកដែលជាថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តរតនគិរីដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដែលមានកត់ត្រានៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី។ 

លោកបន្តថា សមិទ្ធផលដែលរដ្ឋបាលខេត្តរតនគិរីខិតខំសម្រេចបាននេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងការបរទេសយ៉ាងរស់រវើក និងកាន់តែសកម្មថែមទៀត។

នាយឧត្តមសេនីយ៍ ជៀង អំបានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ត្រូវយកចិត្ត ទុកដា ក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥នេះ មានជាអាទិ៍៖

ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់ មួយចំនួនតូចតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ជាពិសេសតាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុងប្រទេស។ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន៕