(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វេនប៊ីញ (Wang Wenbin ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីក្រសួង ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

លោក ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកវ៉ាង វេន ប៊ីញ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្លៀតឱកាសនេះលោករដ្ឋមន្រ្តីបានអបអរសាទរជាមួយប្រជាជនចិនទូទាំងប្រទេស ដែលពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក កាលពីចុងឆ្នាំ២០២៤កន្លងមក។

លោករដ្ឋមន្រ្តីបានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានផ្តល់អាហារូបករណ៏ដល់ក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ចាត់ចែងប្រគេនបន្តដល់ សមណនិស្សិត និស្សិតបានទៅបន្តការសិក្សានៅប្រទេសចិននាពេលកន្លងមក។

ទន្ទឹមនេះលោករដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតចិន អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការ និងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់ មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។ លោក ចាយ បូរិន ក៏បានស្នើរ លោក ឯកអគ្គរដ្ឋទូត ជួយជម្រុញឱ្យ មានក្រុមការងារសម្របសម្រួលរវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនា កម្ពុជា-ចិន ជាពិសេសកិច្ចសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងចិន និងកម្ពុជាលើវិស័យសាសនា នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បញ្ជាក់ថា វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាង ប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសយើងទាំង២។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមិត្តដែកថែបលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ។ ដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជម្រុញវិសយទេសចរណ៍សាសនានោះ លោកសុំការសហការជាមួយក្រសួងធម្មការ និងសាសនាក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវ ព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។

ជាចុងក្រោយលោករដ្ឋមន្រ្តី ក៏បានជូនពរដល់ លោកឯកអគ្គរដ្ឋទូតនិងសហការីទាំង ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជូនពររដ្ឋាភិបាលនិងប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ ជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ៕