(រតនគិរី)៖ រាល់សមិទ្ធិផលទាំងអស់នៅក្នុងខេត្តរតនគិរីកើតចេញពីតម្លៃ នៃសន្តិភាព និងស្ថេរភាពនយោបាយ។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក្នុងខេត្តដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនជាសេនាធិការ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង និងទៅតាមបណ្តាស្រុកនានាមានការរីកចម្រើនគួរឲ្យមោទន។
ជាក់ស្តែងផ្លូវខេត្តលេខ៣៧៨៣ ប្រវែង៣៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូជាតិលេខ៧៨ ក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុងឆ្ពោះទៅឃុំហាត់ប៉ក់ ស្រុកវើនសៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងមមាញឹកកសាង ស្ថាបនាកៅស៊ូប្រភេទ DBSTដើម្បីបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋក្នុងខេត្តដែលមានទទឹង ៧ម៉ែត្រ។
ក្នុងឆ្នាំ២០២៤កន្លងទៅ ផ្លូវខេត្តមួយខ្សែនេះកសាងស្ថាបនាបាន២,៧០០ម៉ែត្រ និងនៅឆ្នាំ២០២៥ គ្រោងកសាងស្ថាបនា ២,៩០០ម៉ែត្រ បន្ថែមទៀត។ អនាគតខាងមុខសមិទ្ធផលថ្មីនេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និងបង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរទៅកាន់ទីផ្សារ។ ជាពិសេសរមណីដ្ឋានទឹកជ្រោះចាអ៊ុង ស្រូបទាញភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពវិស័យ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីក្នុងឆ្នាំ២០២៤ ផ្លូវជាតិ ផ្លូវខេត្តចំនួន១១ ខ្សែមានប្រវែងសរុប ៣០០.៦០គ.ម ក្នុងនោះបានក្រាលកៅស៊ូគ្រប់ប្រភេទDBSTមានប្រវែង២៩៣.៨៧ គ.ម។ ផ្លូវជាតិក្នុងដែនសមត្ថកិច្ចមន្ទីរសាធារណការ ចំនួន០៤ខ្សែដូចជា៖
*ទី១៖ កំណាត់ផ្លូវជាតិលេខ ៧៦ មានប្រវែងសរុប ៦០.៧៣ គម។
*ទី២៖ កំណាត់ផ្លូវជាតិលេខ៧៨មានប្រវែងសរុប១២៥.៤៤គម។
*ទី៣៖ កំណាត់ផ្លូវជាតិលេខ ៧៨C មានប្រវែងសរុប ៦០.៦៣ គម។
*ទី៤៖ កំណាត់ផ្លូវជាតិលេខ ៧៨-៥ មានប្រវែងសរុប ១៦៦.០០ គម៕