(ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូល នៅទូទាំងប្រទេស បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ មន្ដ្រីកាំកុងត្រូលរបស់លោក នៅតាមបណ្ដារាជធានី-ខេត្ត បានធ្វើការរឹបអូស ទំនិញខូចគុណភាព៤៤តោន  ក្នុងនោះតាមព្រំដែនដកហូតបាន១៧តោន និង២៧តោន រឹបអូសតាមទីផ្សារ និងសប្បកម្មនានា។

ការថ្លែងបែបនេះ របស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ ដល់សិស្សានុសស្ស និងបងប្អូនប្រជាពលរដ្ឋ ជាង១,០០០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ លោកជំរុញឲ្យមន្ដ្រីកាំកុងត្រូល នៅទូទាំងប្រទេស ត្រូវបន្ដ និងពង្រឹងសមត្ថភាព ចុះទប់ស្កាត់ ការតាំងលក់ទំនិញខូចគុណភាព និងអប់រំដល់អាជីវករទាំងអស់ ឲ្យយល់ដឹងកាន់តែច្បាស់ ពីបញ្ហាសុខភាព កុំយកទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព មកដាក់តាំងលក់៕