Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងអយ្យការខេត្តកំពត សម្រេចចោទប្រកាន់ក្មេងទំនើង៣នាក់ដែលកាប់ដាវថតបង្ហោះតាមបណ្ដាញសង្គម ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្រោយកម្លាំងនគរបាលចាប់ខ្លួននៅស្រុកជុំគិរី

17-01-2025 10:27

(កំពត)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងក្មេងទំនើងចំនួន៣នាក់ បានធ្វើសកម្មភាព ថតវីដេអូកាន់ដាវ និងកាំបិតផ្គាក់ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករាំលេងគ្រវីចុះឡើង។

ក្រោយពីថតឃ្លីបវីដេអូរួច ឈ្មោះ ភីន ភា បានប្រមូលកាំបិតនៅក្នុងផ្ទះមកតម្រៀបគ្នាថតជារូបភាព ដែលមានកាំបិតផ្កាក់ ចំនួន០៤ដើម និងដាវដែក ចំនួន០១ដើម រួចយកឃ្លីបវីដេអូ និងរូបថត នោះទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ក្រោយពីធ្វើសកម្មភាពបង្ហោះឃ្លីបវីដេអូ និងរូបភាពរួច កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានវត្ថុតាង កាំបិតផ្គាក់ ចំនួន០៤ដើម និងដាវដែក ចំនួន១ដើម។

ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យភស្តុតាង ព្រមទាំងបានស្តាប់ចម្លើយ ជនសង្ស័យខាងលើ តំណាងអយ្យការបាន សម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៣នាក់ រួមមាន ១៖ឈ្មោះ យឿង កាំង ភេទប្រុស អាយុ១៥ឆ្នាំ, ២៖ឈ្មោះ ភីម ភា ភេទប្រុស អាយុ១៦ឆ្នាំ និង៣៖ឈ្មោះ ឃឿន រ័ត្នធូ ភេទប្រុស អាយុ១៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( កាន់កាំបិតផ្គាក់ និងដាវ ថតវីដេអូ និងរូបភាពបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ) ប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តាម បញ្ញត្តិ មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៨ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥៕