(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រគល់-ទទួលបញ្ចប់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថលដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក។​

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក គិម ភិរុណ ជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនេះនឹងចូលរួមបម្រើដល់ការងារបរិវត្តកម្មឌីជីថល និងធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងការប្រើប្រាស់ អ៊ីនធឺណិតនៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។

ជាមួយគ្នានេះ​ លោករដ្ឋលេខាធិការ​ តំណាងឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសដែលបានខិតខំយកចិត្តទុកដាក់លេីគម្រោងនេះរហូតសម្រេចបានជោគជ័យ​ ក្នុងការជំរុញដំណេីរការងារបរិវត្តកម្មឌីជីថលនៅក្នុងក្រសួងផងដែរ៕