(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូននិងជោគជ័យ។

លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ លើការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះក៏បានគិតគូរទាំងលើការរៀបចំការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុង និងក្រៅពិធី។ បន្ថែមពីនេះលោក ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤ រក្សាឱ្យបានសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់នេះ ជាការប្រកួតមិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយមាន២ការប្រកួត គឺក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែន កម្ពុជា-ថៃ។

ព្រឹត្តិការណ៍នេះ ក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន ហើយទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃ បានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង ផ្សព្វផ្សាយ ក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋថៃឱ្យមកទស្សនា ក្នុងព្រឹត្តិការណ៍នេះផ្ទាល់នៅកម្ពុជា ឱ្យបានច្រើនផងដែរ។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានលើកឡើងដែរថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករជាតារាល្បីៗ របស់ថៃ និងកីឡាករជាតារាល្បីៗរបស់កម្ពុជា ចូលរួមជាកីឡាករ ក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗរបស់កម្ពុជា និងកីឡាករល្បីៗរបស់ថៃ មានចំនួន៥០នាក់។ គោលបំណងរបស់យើង គឺចង់ឱ្យប្រទេសយើងទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។

លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ផងដែរថា មុននៃការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាប នោះគឺជាការប្រកួតមិត្តភាព រឹតចំណងមិត្តភាព នៃប្រទេសទាំង២។

ក្នុងកិច្ចប្រជុំនៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ អង្គប្រជុំក៏បានពិភាក្សាគ្នាលើគម្រោង នៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ដែលមាន ២ប្រកួត ទី១-ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និង២-ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕