(ភ្នំពេញ)៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ៥០៤កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់មួយចំនួនជូនលោកគ្រូ-អ្នកគ្រូចំនួន១៩នាក់ នៅសាលាបឋមសិក្សាភូមិអូរ ស្ថិតក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នេះជាលើកទី៦ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង ដើម្បីលើកទឹកចិត្តសិស្សឱ្យមានចំណង់រៀនសូត្របន្ថែម ការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំនៅកម្រិតបឋមសិក្សាផងដែរ។
លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានមានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍, សមាគមអប់រំអូវ៉ើស៊ីកម្ពុជា និងសប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាពជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។

ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើន កើនបញ្ញា។ លើសពីនេះ Prof. Dr. Kao Jui-Chung, ព្រឹទ្ធបុរស National Kaohsiung University of Science and Technology ក៏បានលើកឡើងនិងបញ្ជាក់បន្ថែមដល់សប្បុរសជននានាមកពីតៃវ៉ាន់ ដើម្បីស្វែងយល់អំពីស្ថានភាព និងសកម្មភាពសប្បុរសធម៌របស់សមាគម និងសកម្មភាពគម្រោងនានាដែលបានធ្វើកន្លងមក។

លោកនាយកបឋមសិក្សាភូមិអូរ បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងបានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្សឱ្យកាន់តែស្រលាញ់ការសិក្សារៀនសូត្រ។

គួរបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ៥០៤នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ ២ដើម និងជ័រលុប ១ និងថវិកាមួយចំនួន២០០ដុល្លារអាម៉េរិក ដល់លោកគ្រូ-អ្នកគ្រូចំនួន១៩នាក់។

លើសពីនេះ ក្រុមការងារសប្បុរសធម៌ ក៏បានទស្សនកិច្ចកំសាន្តនៅខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទអង្គរស្របពេលជាមួយនិងកម្មវិធីសមរាត្រីបានមកដល់ផងដែរ៕