(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ និងមានការសោកស្តាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារ សព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង០៧:៤៥ នាទីព្រឹក ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលកំពុង ប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រ ពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្នុងសារលិខិតរំលែកទុក្ខនេះសម្តេចតេជោ បានលើកឡើងថា «ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនៃ មរណភាពរបស់ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីន របស់ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៤៥ នាទីព្រឹក។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូន បងប្អូន ជាទីស្រលាញ់បំផុត ដែលប្រកបដោយសង្គហធម៌ ជាពិសេសគឺការបាត់បង់នូវអ្នកឯកទេសបោសសំអាតមីន ពីររូបដ៏អង់អាចក្លាហាន ដែលតែងតែធ្វើពលិកម្មគ្រប់បែបយ៉ាងដោយឆន្ទៈមនសិការដ៏មោះមុតប្រកបដោយ សេចក្តីទទួលខុសត្រូវក្នុងបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា តាមរយៈការរុករក និងកម្ចាត់ចោលនូវគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ចេញពី ព្រះរាជាណាចក្រកម្ពុជា។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕