(ភ្នំពេញ)៖ «ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល និងសហការីនៅពេលនេះ បានបើកនូវទំព័រថ្មីមួយ រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងសភានៃប្រទេសយើងទាំងពីរ ស្របទៅនឹងឆន្ទៈនិងក្តីប្រាថ្នារបស់យើង។ដូចនេះ យើងត្រូវតែរួមគ្នារក្សានូវសន្ទុះ នៃការផ្លាស់ប្តូរ ឱ្យកាន់តែញឹកញាប់ និងនៅគ្រប់កម្រិត និងគ្រប់វិស័យ សំដៅជំរុញ លើកកម្ពស់ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យឈានទៅកម្រិតខ្ពស់ថ្មីមួយ»

នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធិលៀងសាយភោជន៍ នៅរាត្រីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ជូនលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូ ដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនៅកម្ពុជា តំណាងឱ្យស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ និងបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ ដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានជិត៧០ ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង តទៅអនាគត។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងបន្តថាទាំងនៅអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងមានភាពទាក់ទងគ្នាទៅវិញទៅមក ហើយសង្ឃឹមថា កិច្ចសហការដ៏ល្អនេះនឹងធ្វើឱ្យយើងកាន់តែរឹងមាំជាមួយគ្នា ហើយនឹងផ្តល់នូវផលប្រយោជន៌ឱ្យគ្នាទៅវិញទៅមក ទោះបីជាបរិការណ៍តំបន់ និងអន្តរជាតិកំពុងមានការផ្លាស់ប្តូរ ប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចស្មានទុកជាមុនបានក៏ដោយ។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែឈរយ៉ាងរឹងមាំ និងស្អិតល្មួត។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងនៅតែបន្ត ហើយកាន់តែរីកចម្រើនឈានឡើង នៅពេលដែលយើងខិតខំ ប្រឹងប្រែងធ្វើការជាមួយគ្នាឱ្យកាន់តែខ្លាំងក្លា ដើម្បីបំពេញតាមបំណង និងក្តីប្រាថ្នា នៃការវិវត្តរបស់ប្រជាជនយើង។ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់យើងនារសៀលថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា និងមានអត្ថន័យជ្រាលជ្រៅ ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ និងជាគ្រួសារអាស៊ាន»

លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូរដ្ឋសភា ម៉ាឡេស៊ី។ ឯកឧត្តមបណ្ឌិត វាយតម្លៃខ្ពស់ចំពោះទំនាក់ទំងដ៏ល្អប្រទេសទាំងពីរដែលបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជនទាំងសងខាង។

ក្នុងនាមប្រធានអាយប៉ាលើកទី៤៦ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ជាក់ថា រដ្ឋសភាម៉ាឡេស៊ីនឹងខិតខំលើកកម្ពស់យន្តការសភា ដើម្បីប្រជាជាតិអាស៊ានទាំងមូលមិនមែនសម្រាប់ម៉ាឡេស៊ីតែមួយប៉ុណ្ណោះទេ។ គឹយើងរួមសហការគ្នា ចែករំលែកជាមួយគ្នាហើយទទួលផលទាំងអស់គ្នា។

សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ាន យើងត្រូវបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងលើវេទិកាតំបន់និងអន្តរជាតិ សំដៅជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ កម្ពុជាសូមគាំទ្រយ៉ាងខ្លាំងដល់ម៉ាឡេស៊ីក្នុងការធ្វើជាប្រធានអាស៊ាន និងប្រធានអន្តរសភាអាស៊ាន (អាយប៉ា) នៅឆ្នាំនេះ ជាមួយនឹងចក្ខុវិស័យដឹកនាំការកសាងសហគមន៍អាស៊ានឈានទៅសម្រេចបានកម្រិតខ្ពស់ថ្មីកាន់តែមានភាពរឹងមាំ ធន់ បរិយាបន្ន និងវិបុលភាពបន្ថែមទៀត៕