(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ ហើយការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន ហើយបម្រើប្រជាពលយ៉ាងមានស័ក្តិសិទ្ធិភាព។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព» នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកលផងដែរ។

នាឱកាសនោះ លោកសាស្ត្រាចារ្យ បានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញមតិប្រកបដោយភាពផុសផុល។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះ សំខាន់ៗ ជូនដល់អង្គពិធីដូចជា៖

១៖ ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ (Embrassing Technology) ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាព ដោយ អ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ។

២៖ ការផ្តល់អាទិភាពដល់សមធម៌ (Prioritizing equity) ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែង ក្នុងពេលអនាគត យើងត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។

៣៖ ការកសាងភាពធន់ (Building Resilience) ដោយ អ្នកដឹកនាំត្រូវផ្តល់អាទិភាព ដល់សុខុមាលភាព របស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាល មួយដែលមានភាពធន់ទៅនឹង កត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។ លើសពីនោះការច្នៃប្រឌិត (innovation) មិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំ(continuous quality improvement) និងកិច្ចសហប្រតិបត្តិការគ្នា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាផងដែរថា៖ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។

ឆ្លៀតក្នុងឳកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាត ទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

តាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹង ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សសុខាភិបាល។ ហើយនេះជាអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នាឱកាសជំនួបសំដែងការគួរសមរវាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី និងជាព្រឹទ្ធបុរសមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock (ស ស្វី ហុក)។

សិក្ខាសាលានេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ សហការជាមួយសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត Zoom សរុបជាង ២០០រូប៕