(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្ដាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារសព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥ នាទីព្រឹក ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្នុងសារលិខិតរំលែកទុក្ខនេះរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ឱ្យដឹងទៀតថាក្នុងវេលាដ៏សែនសោកសង្វេគនេះ ខ្ញុំ និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងចូលរួមរំលែកទុក្ខប្រកបដោយក្តីអាឡោះអាល័យជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ មរណភាពរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន គឺជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ជារៀងរហូតមក។
ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន បានឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕