(ភ្នំពេញ)៖ ក្រុមតារាចម្រៀង Super Junior និង K-POP របស់សាធារណរដ្ឋកូរ៉េ គ្រោងនឹងសម្តែងនៅកម្ពុជាក្នុងការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល ចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥។

ការណ៍នេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

លោក ម៉ម ប៉ុននាង និងលោក KIM YONG HWAN បានជម្រាបជូនលោក ហួត ហាក់ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះពីខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយនឹងបន្តផ្សព្វផ្សាយទៅដល់៥ប្រទេស រួមមាន កម្ពុជា កូរ៉េ ជប៉ុន ហ្វីលីពីន និងកោះតៃវ៉ាន់ ដែលមានការចូលរួមសម្តែងពីសិល្បករ សិល្បការនី K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បករ សិល្បការិនីខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅប្រទេសកម្ពុជា៕