(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ស៊ុវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានអ្នកចូលរួមមកពីគ្រប់មូលដ្ឋាន និងគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តសរុបចំនួន ១៦២នាក់។

នាឱកាសនោះបន្ទាប់ពីបានស្តាប់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងរាយការណ៍សង្ខេបអំពីដំណើរការ និងលទ្ធផលនៃអង្គសន្និបាតរួច លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខេត្តកំពង់ឆ្នាំង ដែលបានយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលនានាជាច្រើន ដែលមានកត់ត្រានៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ​ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

សមិទ្ធផលដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ខិតខំសម្រេចបាននេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិឲ្យកាន់​តែមានការអភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសា ស្ត្របច្ចការដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើ និងសុខសន្តិភាពស្ថេរភាពនយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងដំណើរ ការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ចសង្គមនយោបាយពាណិជ្ជកម្ម និងទំនាក់ទំនងការបរទេស​យ៉ាងរស់រវើក និងកាន់តែសកម្មថែមទៀត។

លោកបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថេរភាពនយោបាយសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់និងតស៊ូប្រឆាំងដាច់ ខាតរាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងបង្ករអស្ថេរភាពក្នុងសង្គមក្នុងចេតនាបំផ្លាញសន្តិភាព ស្ថេរភាពសង្គមនិងបង្អាក់ដំណើរការនៃការរីកចម្រើន លូតលាស់របស់ប្រទេសជាតិយើង។

ត្រូវបង្ការទប់ស្កាត់និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាពឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាមមានចរាចលវឹកវរ ក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូច​តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដានស្រាវជ្រាវនិងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់ទង្វើ មិនស្របច្បាប់ចលនាឧទ្ទាម និងបដិវត្តន៍ពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមវេទិកាសាធា រណៈឬមធ្យោបាយផ្សេងទៀតឲ្យជៀសវាងការចូលរួមក្នុងសកម្មភាព​ទាំងឡាយណា​ដែលខុសច្បាប់និងប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពសណ្ដាប់ ធ្នាប់សាធារណៈនិងសង្គមជាតិ និងត្រូវបន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការការពារនិងលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ជាមួយនឹងការពង្រឹងនីតិរដ្ឋ និងការគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីលើកកំពស់យុត្តិធម៌ និងសីលធម៌សង្គមប្រកបដោយប្រសិទ្ធភាព៕