(កំពង់ស្ពឺ)៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះវាលស្រែភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឲ្យជំនាញពន្លត់អគ្គីភ័យ របស់បញ្ជាការដ្ឋានអន្តរាគមន៍បន្ទាន់។
ជាក់ស្តែងនៅវេលាម៉ោង១៤:៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងជំនាញបានចេញប្រតិបត្តិការករណីអគ្គីភ័យ ឆេះស្មៅនិងឆេះជញ្រ្ជាំងស្រូវក្នុងស្រែ ស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លើផ្ទៃសរុបទំហំប្រមាណជាង ២៥ហិចតាទាន់សភាពការណ៍។
ប្រភពពីជំនាញរបស់អាវុធហត្ថ ករណីខាងលើមិនបណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងសត្វទេ តែបានឆេះវាលស្រែអស់ផ្ទៃដីជាង ២៥ហិតា ដែលក្នុងកិច្ចប្រតិបត្តិការនេះប្រើរថយន្ត ពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្តកំពង់ស្ពឺចំនួន ២គ្រឿង ហើយករណីអគ្គីភ័យ ខាងលើបានរលត់១០០% មិនបណ្តាលឲ្យរាលដាលដល់ភូមិប្រជាពលរដ្ឋឡើយ៕