(កំពង់ធំ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរាជរដ្ឋាភិបាល នៅក្នុងឃុំចំណាក្រោម នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥នេះ លោក តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់រដ្ឋបាលឃុំ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតម្លាភាព និងគណនេយ្យភាព។
លោក តែ ណាវុធ ក៏បានណែនាំដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកប្រតិបត្តិស្ទោង ត្រូវកំណត់គោលការណ៍ច្បាស់លាស់បន្ថែមទៀត ក្នុងការផ្តល់សេវារថយន្តសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបនឹងជួយសង្គ្រោះ ដឹកជញ្ជូន នៅពេលដែលមានការចាំបាច់ និងមានការហៅសង្គ្រោះបន្ទាន់ពីសាធារណៈជន ជាពិសេសការជួយសង្គ្រោះបឋម និងបន្ទាន់ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ឬឧបទ្ទវហេតុផ្សេងៗ ដើម្បីទទួលបាននូវការជឿទុកចិត្តពីសាធារណៈជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀត។
លោក ក៏បានអំពាវនាវដល់កសិករក្នុងស្រុកស្ទោងទាំងមូលបង្កើតសហគមន៍កសិកម្មទំនើប ជាពិសេសសហគមន៍ស្រែប្រាំង ដែលប្រើប្រាស់ពូជស្រូវក្នុងស្រុកឬពូជសែនក្រអូប ដើម្បីធានាបាននូវទិន្នផលខ្ពស់ ហើយមានទីផ្សារលក់បានថ្លៃតាមកិច្ចសន្យា ដែលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកសិករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់អាជ្ញាធរឃុំចំណាក្រោម និងជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ ប្រកបដោយបច្ចេកទេស និងទំនួសខុសត្រូវខ្ពស់ ហើយត្រូវសិក្សាបន្ថែមទៀតពីប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ជាអាទិភាពនៅក្នុងមូលដ្ឋាន ដើម្បីដាក់ជូនក្រុមការងារ ក្នុងការជួយស្ថាបនាឬកែលម្អបន្ថែមទៀត ពីលើអ្វីដែលឃុំបានធ្វើរួចមកហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងសំណូមពរនិងជាការយកចិត្តទុកដាក់ដល់ ជីវភាពជាអទិភាពប្រជាពលរដ្ឋ។
លោក ក៏បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលក្រោមក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបានញុះញង់បំផុសបំផុលក្នុងការរុករានទន្ទ្រាន និងកាន់កាប់ដីព្រៃតំបន់បី ក្រៅពីតំបន់ដែលរាជរដ្ឋាភិបាលបានឆ្បៀលជូន ដែលផ្ទុយនឹងគោលការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋ និងការពារធនធានធម្មជាតិជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រីនិងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។
លោក សាយ គឹមឡម បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងបី និងជំនាញពាក់ព័ន្ធ ត្រូវបន្តនិរន្តរភាពបង្ក្រាបក្មេងទំនើង និងគ្រឿងញៀនឲ្យបានដូចភ្លៀងរលឹមដើម្បីធានានូវគោលការណ៍ ភូមិ ឃុំ មានសុវត្ថិភាពនិងផ្តល់សុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕