លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា «ដើម្បីបណ្ដុះបណ្ដាលបានមូលធនមនុស្សល្អពេញលេញ សាលារៀនត្រូវសម្រេចឲ្យបាននូវគោលដៅចំនួន៥ (5Hs) គឺ ៖ កសាងចំណេះដឹងនិងចក្ខុវិស័យ (Head), បង្កើនចំណេះធ្វើ ជំនាញ ភាពប៉ិនប្រសព្វ និងការជួយគាំទ្រ (Hand), បណ្ដុះទឹកចិត្ត ឆន្ទៈសុជីវធម៌ សីលធម៌ និងគុណធម៌ (Heart), ថែទាំនិងលើកកម្ពស់សុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ (Health), កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា (Happiness)។»
នេះជាប្រសាសន៍ណែនាំរបស់ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. ថ្លែងក្នុងពិធីចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅក្នុងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ ដែលរៀបចំជួបជុំគណៈគ្រប់គ្រងសាលា គ្រូបង្រៀន ឪពុកម្តាយ និងអាណាព្យាបាលសិស្សប្រមាណជិត ៥០០នាក់ នៅសាលាប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។ យុទ្ធនាការនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ, ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ កងកម្លាំងជុំវិញខេត្តយ៉ាងអធឹកអធមបំផុត។
យុទ្ធនាការគាំទ្រសាលារៀនគោលដៅគឺជាសកម្មភាពដ៏សំខាន់មួយរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា(គ.វ.អ.)ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិធានការគន្លឹះ គ.វ.អ. និងចក្ខុវិស័យនៃការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋ, ពង្រឹងកិច្ចសហការ និងកៀរគរការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់, ជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករនៃសាលារៀនគោលដៅ, ពង្រឹងឆន្ទៈ និងបំពាក់នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោល នាយកសាលា និងគ្រូបង្រៀនក្នុងខេត្តបន្ទាយមានជ័យឱ្យអនុវត្តវិធានការគន្លឹះ ប្រកបដោយទំនុកចិត្ត និងលទ្ធផលល្អប្រសើរ។
ថ្លែងក្នុងឱកាសនៃពិធីចាប់ផ្តើមយុទ្ធនាការនេះ លោក ពេជ សោភ័ន បានលើកឡើងថា៖ «ការលើកកម្ពស់គុណភាពអប់រំ និងសាលារៀន ត្រូវផ្តើមចេញពីគោលដៅ និងលក្ខខណ្ឌចំនួន ៤ (4Hs) គឺ ៖ កសាងចំណេះដឹងនិងចក្ខុវិស័យ (Head), បង្កើនចំណេះធ្វើ ជំនាញ ភាពប៉ិនប្រសព្វ និងការជួយគាំទ្រ (Hand), បណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ (Heart), ថែទាំនិងលើកកម្ពស់សុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ (Health), កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា (Happiness)។»
ក្នុងខេត្តបន្ទាយមានជ័យ សាលាបឋមសិក្សាចំនួន ៥ ត្រូវបានជ្រើសរើសដាក់ឲ្យអនុវត្តវិធានការគន្លឹះ គ.វ.អ. រួមមាន៖ សាលាបឋមសិក្សាអូរអំបិល, សាលា រហាត់ទឹក, សាលា ភ្នំធំ, សាលា ភ្នំជញ្ជាំង និង សាលា រហាលដើម្បីពង្រឹងគុណភាពអប់រំ តាមរយៈការលើកកម្ពស់អភិបាលកិច្ចសាលារៀន, ការបង្កើនចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថ និងការរៀន ២ម៉ោងក្នុង១ថ្ងៃដោយមិនបង់ប្រាក់ ការយកចិត្តទុកដាក់ចំពោះសុខភាពសិស្ស និងការជំរុញការចូលរួមយ៉ាងសកម្មពីសហគមន៍ ដើម្បីប្រែក្លាយសាលារៀនបឋមសិក្សាទាំងអស់នេះឱ្យមានវឌ្ឍនភាព និងគុណភាពល្អ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងឆន្ទៈចូលរួមគាំទ្រវិធានការគន្លឹះ គ.វ.អ. ដោយបានលើកឡើងថា «ខេត្តបន្ទាយមានជ័យពិតជាមានភ័ព្វសំណាង ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ពីប្រមុខរាជរដ្ឋាភិបាលនិងលេខាធិការដ្ឋាន គ.វ.អ. ដែលបានជ្រើសរើសសាលាគោលដៅទាំង ៥ ក្នុងការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ គ.វ.អ.។ រដ្ឋបាលខេត្ត រួមទាំងប្រជាពលរដ្ឋនឹងចូលរួមពេញទំហឹងក្នុងការជួយជំរុញវិធានការគន្លឹះឲ្យទទួលបានជោគជ័យ»។
ការគាំទ្រសាលារៀនគោលដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំទៅអនុវត្តនៅតាមសាលាគោលដៅដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រផ្នែកបច្ចេកទេស វិធីសាស្ត្រ និងការសហការជំរុញវិធានការគន្លឹះឱ្យអនុវត្តបានដោយរលូន និងទទួលបានជោគជ័យ។ គ្រូបង្គោលគឺជានិវត្តន៍ជនដែលជាអតីតនាយក នាយិកា ឬគ្រូបង្រៀនឆ្នើម ត្រូវបានជ្រើសរើសនិងទទួលការបណ្ដុះបណ្តាលជាក់លាក់លើពីលេខាធិការដ្ឋាន គ.វ.អ. មុននឹងបញ្ជូនទៅទទួលភារកិច្ចនៅតាមសាលារៀន។
ឯកឧត្តម ពេជ សោភ័ន បានសង្កត់ធ្ងន់ថា «វិធីសាស្ត្រនៃការជ្រើសរើសនិងប្រើប្រាស់មូលធនមនុស្សជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើមដែលចូលនិវត្តន៍ហើយ ឱ្យមកជួយបំពេញកិច្ចការជាគ្រូបង្គោលនេះ គឺគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ដែលតែងផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ដែលមានឆន្ទៈការងារខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិបានកាន់តែយូរថែមទៀត។»
គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសហគមន៍នៃសាលាគោលដៅទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការនេះមានក្តីសប្បាយរីករាយ និងគាំទ្រពេញទំហឹងចំពោះវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅតាមសាលារៀនក្នុងខេត្តបន្ទាយមានជ័យ។
តំណាងអាណាព្យាបាល ដែលមានកូនៗរៀននៅសាលាបឋមសិក្សាអូរអំបិល កណ្តាលក្រុងសិរីសោភ័ណ បានចូលរួមក្នុងយុទ្ធនាការនេះ និងបានលើកឡើងថា «ពួកគាត់សប្បាយរីករាយបំផុតពេលដែលមានវិធានការគន្លឹះខាងអប់រំ ដែលសម្តេចធិបតី ឲ្យចូលមកជួយសាលាអូរអំបិល ហើយអាចឲ្យកូនៗគាត់រៀនបន្ថែមម៉ោងបាន២ម៉ោង មិនចាំបាច់បង់ប្រាក់។ ពួកគាត់នឹងខំជំរុញកូនៗឲ្យមានរៀនទៀងទាត់រាល់ថ្ងៃ។»
យុទ្ធនាការគាំទ្រសាលារៀនគោលដៅ ក្រោមវិធានការគន្លឹះ គ.វ.អ. នឹងបន្តដំណើរឆ្ពោះទៅខេត្តប៉ែកឧត្តរនៃផ្ទៃប្រទេស និងជុំវិញបឹងទន្លេសាបជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ។ រួមគ្នាលើកកម្ពស់ការអប់រំដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា៕
https://image.freshnewsasia.com/2021/id-022/fn-2025-01-16-19-10-40-2.JPG https://image.freshnewsasia.com/2021/id-022/fn-2025-01-16-19-10-42-3.JPG