(ចូហូរ)៖ តាមរយៈយុទ្ធនាការ «ទស្សនាម៉ាឡេស៉ីឆ្នាំ២០២៦ ឬ Visit Malaysia 2026, Truly Asia» រាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍ម៉ាឡេស៊ីមានមហិច្ចតាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន៣៥.៦លាននាក់ ដែលនឹងអាចបង្កើតប្រាក់ចំណូលរហូតដល់១៤៧.១ពាន់លានរីងហ្គីត (ប្រហែលជិត៣៣ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦។

គួររំឭកថា យុទ្ធនាការ Visit Malaysia 2026 ត្រូវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ និងបន្តក្នុងឆ្នាំ២០២៥នេះ។ គេបានកំណត់យកសរស្តម្ភសំខាន់ពីរ៖ ១-ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និង២-ទេសចរណ៍ប្រកបដោយនិរន្តរភាព។

ក្នុងសន្និសីទសារព័ត៌មាន (Media Briefing) នាថ្ងៃទី១៦ ខែមករា ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ លោក HOHD AMIRUL RIZAL BIN ABDUL RAHIM ប្រធានលេខាធិការដ្ឋាននៃយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ បានលេីកឡេីងថា យុទ្ធនាការ Visit Malaysia 2026 រដ្ឋាភិបាលម៉ាឡេស៊ីបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន៣៥.៦លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលរហូតដល់១៤៧.១ពាន់លានរីងហ្គីត (ជិត៣៣ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៦។

គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់លើការបង្កើនតម្រូវការ បង្កើនការតភ្ជាប់ការធ្វេីដំណេីរ និងផ្តល់អាទិភាពដល់ទីផ្សារសំខាន់ៗ ដើម្បីបង្កើនភាពទាក់ទាញជាសកលរបស់ម៉ាឡេស៊ី។

លោកក៏បានបញ្ជាក់ពីការពង្រីកការស្នាក់នៅ ដោយពង្រីកបទពិសោធន៍ទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ តាមរយៈការផ្ដល់សិទ្ធិឲ្យសហគមន៍មូលដ្ឋាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំរុញដល់ការចំណាយ ដេីម្បីផ្សព្វផ្សាយពីបទពិសោធន៍ទេសចរណ៍នៅប្រទេសខ្លួន។

យុទ្ធសាស្រ្ត Visit Malaysia 2026 នឹងរួមបញ្ចូលទាំងទីផ្សារដ៏ទូលំទូលាយដែលប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រពៃណី ដោយផ្តោតលើទីផ្សារដែលមានឥទ្ធិពល និងការបង្កើតមាតិកាដែលពាក់ព័ន្ធនឹងទេសចរណ៍ម៉ាឡេស៊ី ក្នុងនោះម៉ាឡេស៊ីក៏បានយកចិត្ដទុកដាក់លើការបង្កេីតមាតិកាវីដេអូខ្លីៗផ្សព្វផ្សាយលេីបណ្ដាញសង្គម ដូចជា Facebook, Tiktok និងបណ្ដាញសង្គមពេញនិយមផ្សេងទៀត។

លេីសពីនេះ ម៉ាឡេស៊ីក៏មិនភ្លេចនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារធ្វើដំណើរតាមអ៉ីនធើណិត (OTAs) និងប្រតិបត្តិករព្រំដែនរបស់ប្រទេសជិតខាង ដែលជាផ្នែកមួយនៃផែនការ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរផងដែរ។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យកាន់តែទូលំទូលាយនៃការរួមបញ្ចូលគ្នារវាងសមាជិកអាស៊ានទាំងអស់ និងកំណើនសេដ្ឋកិច្ចរបស់តំបន់ ដោយដាក់ទីតាំងប្រទេសម៉ាឡេស៊ីជាយុទ្ធសាស្រ្តនៅក្នុងទីផ្សារទេសចរណ៍ពិភពលោក ដែលមានការប្រកួតប្រជែង ខណៈដែលប្រទេសមួយនេះរៀបចំសម្រាប់រំហូរភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៦។

សូមជម្រាបថា នៅឆ្នាំ២០២៤ ប្រទេសម៉ាឡេស៉ីទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២៧.៣លាននាក់ នាំមកនូវប្រាក់ចំណូលប្រមាណ១០២.៧ពាន់លានរីងហ្គីត (ប្រហែលជិត២៣ពាន់លានដុល្លារអាមេរិក)៕