(ភ្នំពេញ)៖ លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»»។
កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងអាណាព្យាបាលបច្ចេកទេស រួមមានជាអាទិ៍៖ ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី ជាថ្នាក់ដឹកនាំនៃសហគ្រាសសាធារណៈទាំងអស់ ដែលសរុបមានសមាសភាពចូលរួមចំនួន ១២០រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រខាងលើ ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយផ្អែកលើអនុសាសន៍ណែនាំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជារួម អង្គប្រជុំបានពិនិត្យពិគ្រោះយោបល់គ្នាលើចំណុចគន្លឹះៗ ដើម្បីធានាឱ្យការរៀបចំយុទ្ធសាស្ត្រនេះគ្រប់ជ្រុងជ្រោយ និងស្របតាមស្មារតីរបស់កិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រខាងលើ ដោយនៅមានចំណុចបច្ចេកទេសសេសសល់មួយចំនួន ដែលនឹងត្រូវបន្តពិភាក្សានៅកម្រិតបច្ចេកទេសបន្ថែមទៀត មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។
ទន្ទឹមនឹងការផ្ដល់មតិយោបល់ សម្រាប់សម្រួចលើខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រនេះ, អង្គប្រជុំទាំងមូលបានផ្ដល់ការគាំទ្រទាំងស្រុង លើទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលជារួមនឹងជំរុញល្បឿននៃការកែទម្រង់ការគ្រប់គ្រងសហ-គ្រាសសាធារណៈ ក៏ដូចជាការធ្វើសុខដុមនីយកម្មលើការគ្រប់គ្រង និងការធ្វើទំនើបកម្មសហគ្រាសសាធារណៈនៅកម្ពុជា ឱ្យក្លាយជាសហគ្រាសរដ្ឋ ដែលមានសមត្ថភាពប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកលើកកម្ពស់ផលិតភាព, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន សមធម៌ និងភាពធន់។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ការកែទម្រង់សហគ្រាសសាធារណៈ ជាវិធានការគន្លឹះមួយនៃផែនការសកម្មភាពរួម ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំរៀបចំយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលសេចក្ដីព្រាងយុទ្ធសាស្ត្រនេះត្រូវបានលើកយកមកពិគ្រោះយោបល់ជាច្រើន លើករួចហើយជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ពិសេស សេចក្ដីព្រាងយុទ្ធ-សាស្ត្រនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តនាពេលខាងមុខ, យុទ្ធសាស្ត្រនេះ នឹងក្លាយជាឯកសារចង្អុលបង្ហាញផ្លូវលើការងារកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ ស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕