(ពោធិ៍សាត់)៖ នៅសល់ពេលតែ៤ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗខាងមុខ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីចាប់ផ្តើមកសាង និងបង្កើតឡើងជាហូរហែរ ពីឆ្នាំ២០២១មក។

ជាក់ស្តែងនាថ្ងៃ១៦ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងមួយចំនួន និងជម្រុញដល់គណៈកម្មការ និងអនុគណៈកម្មការរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេច ត្រូវសហការល្អ និងខិតខំពន្លឿនកិច្ចការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោលគឺក្នុងអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន កាលលោកនៅជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី។

ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ។

សមិទ្ធផលទាំងអស់នេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជារួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈដែរបច្ចុប្បន្នក្រុមការងារថ្នាក់ជាតិ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត បាននឹងកំពុងសស្រាក់សស្រាំ ក្នុងការសម្អាតបរិស្ថាន រៀបចំបដា ទង់ជ្វាលា ស្លាកសញ្ញា តម្លើងសូឡាបន្ថែម ឈូសឆាយផ្លូវនានា និងទីតាំងប្រារព្ធពិធី ធ្វើយ៉ាងណាឱ្យកម្មវិធីបានដំណើរការទៅដោយរលូន៕