(ភ្នំពេញ)៖ អ្នកវិភាគនយោបាយ និងតាមដានការអភិវឌ្ឍកម្ពុជា លោក យឿន យឿត បានទាញសេចក្តីសន្និដ្ឋានជាច្រើន ដើម្បីបង្ហាញថា ការធ្វើឃាត លោក លិម កិមយ៉ា គឺពិតជាមានការពាក់ព័ន្ធស៊ីជម្រៅជាមួយ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានចេតនារៀបចំផែនការសម្លាប់ក្រុមប្រឆាំងដើម្បីទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ឆ្លើយតបនឹងសំណួរអំពីទស្សនពាក់ព័ន្ធនឹងឃាតកម្មលើ លោក លិម គិមយ៉ា នៅប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នោះ លោក យឿន យឿត បានរៀបរាប់ដូច្នេះថា៖

«មិនចាំបាច់ឆ្ងល់ច្រើនទេ តាមរយៈលទ្ធផលដែលមេប៉ូលិសជាន់ខ្ពស់របស់ថៃបានបង្ហាញគឺ ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាទេ។

១៖ លទ្ធផលនេះគឺច្បាស់ណាស់ថា ឃាតក សុីឈ្នួលបាញ់ លោក លិម គិមយ៉ា គឺជាមនុស្សស្គាល់គ្នាយ៉ាងជិតសិ្នទជាមួយ លី រតនរស្មី ដែលអតីតជាអង្គរក្សផ្ទាល់របស់សម រង្សុី ជាអ្នកធ្លាប់បានជួយទំនុកបម្រុងឃាតកក្រោយពេលត្រូវបានបណ្តេញចេញពីក្របខណ្ឌទាហានជើងទឹក។ នេះបើយោងតាមចម្លើយរបស់ឃាតក។

២៖ ស្របគ្នានេះ សម្តីរបស់ ឈុម សេរីសុខុម បាននិយាយក្រោយ លិម គិមយ៉ា ស្លាប់ភ្លាមៗនោះថា៖ រវាងសម រង្សុី និងលឹម គឺមយ៉ា មិនដែលត្រូវគ្នាទេ ហើយលិម គិមយ៉ា ត្រូវបានសម រង្សុី ចាត់ទុកជាអ្នកបំបែកបំបាក់ក្រុមខ្លួនទៀតផង ដូច្នេះការស្លាប់របស់ លិម គិមយ៉ាសមហើយៗ នេះក៏ជាការល្អដែរ ដើម្បីទំលាក់កំហុសទៅគណបក្សប្រជាជនកម្ពុជា។ បែបនេះ មានន័យថា គំនុំរបស់សម រង្សុី ពិតជាតាមជាប់លោក លិម គិមយ៉ា រង់ចាំតែឱកាសសម្លាប់តែប៉ុណ្ណោះ។
សម រង្សុី បានប្រើយុទ្ធសាស្ត្រព្រួញ១ផ្លែបាញ់បានសត្វពីរគឺ សម្លាប់ លិម គិមយ៉ា ដើម្បីដោះស្រាយគំនុំ និង សម្លាប់លិម គិមយ៉ា ដើម្បីទម្លាក់កំហុសទៅត្រកូលហ៊ុន ដែលសម រង្សុី កំពុងតាមព្យាបាទ។

បើតាម លោក យឿន យឿត, យុទ្ធសាស្ត្ររបស់សម រង្សុី ប្រើគឺមានដូចជា៖

១៖ ឲ្យរតនរស្មី ជាមនុស្សស្មោះត្រង់របស់ខ្លួន ធ្វើជាសុំចុះចូលជាមួយសម្តេច ហ៊ុន សែន តាមរយ:លោក ឃួង ស្រេង។ សម្តេច ហ៊ុន សែន ជាមនុស្សមានក្តីសន្តោសស្រាប់ផងក៏តែងតាំង លី រតនរស្មី ជាទីប្រឹក្សាខ្លួនក្នុងតួនាទីជាប្រធានគណបក្ស។ ក្រោយចូលស៊ងស៊ុបហើយ លី រតនរស្មី ក៏បានធ្វើសកម្មភាពសម្លាប់លោក លឹម គឺមយ៉ា តែម្តង។
២៖ ក្រោយលោក លិម គិមយ៉ា ស្លាប់ភ្លាម ក្រុមសម រង្សុី ចេញមកទាំងហ្វូងសម្រុកចោទសម្តេច ហ៊ុន សែន និងទាញភ្ជាប់ចោទលោក ហ៊ុន ម៉ានី ផង ដោយសារលោក លិម គិមយ៉ា បានរិះគន់ លោក ហ៊ុន ម៉ានី រឿងការរៀបចំសាទរកម្ពុជា ។

៣៖ ក្រុមកូនចៅ សម រង្សុី បានយក ឈ្មោះ និងរូប លី រតនរស្មី មកផ្សព្វផ្សាយព្រោងព្រាតថា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន​​ គឺជាអ្នកទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឲ្យទៅជួលឃាតកសម្លាប់ លោកលិម គិមយ៉ា តែធាតុពិតនេះគឺយុទ្ធសាស្ត្រស្វាសុីបាយលាបមាត់ពពែរបស់ សម រង្សុីសុទ្ធសាធ។

អ្នកវិភាគនយោបាយ និងតាមដានការអភិវឌ្ឍ បានបន្តថា លោក លិម គិមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយ លោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ៖

១៖ បើតាមសម្តីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លិម គិមយ៉ា គឺមនុស្សដែលសម រង្សុីស្អប់បំផុត ដោយសារតែលោក គីមយ៉ា បានវ៉ៃប្រហារមកលើខ្លួន និងជាអ្នកបំបែកបំបាក់ក្រុមរបស់គេ ។

២៖ លោក សម រង្សុី បានបង្កើតចលនាជាតិតស៊ូ យករូបមន្តផ្ការីកឲ្យប្រជាជនកម្ពុជាធ្វើតាមប្រជាជនប្រទេសសុីរី និងបង់ក្លាដែស ។ សម រង្សុីមានផែនការច្បាស់លាស់ ហើយបានធ្វើសកម្មភាពកាន់តែជ្រៅបន្តិចម្តងៗ តាមរយ:ការបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ តាមបណ្តាញសង្គមយ៉ាងសកម្ម ។

៣៖ សម រង្សុីយកការសម្លាប់លោកលិម គិមយ៉ា ធ្វើជាភស្តុតាងថ្មីបន្ថែម ដើម្បីទាញយកករណីចាស់ៗមួយចំនួនមកភ្ជាប់ឡើងវិញ ។ ល។

៤៖ ដើម្បីរុញកំហឹងប្រជាជនក្នុងប្រទេសផង និងដើម្បីបង្ហាញទៅឆាកអន្តរជាតិផង ឲ្យគេមើលឃើញពីភាពឃោរឃៅរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រកូលហ៊ុន ។

លោកបានបញ្ជាក់ទៀតថា ចរិតរបស់លោកសម រង្សុី មិនមែនទើបតែពេលនេះទេ ដែលចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាគោលដៅបំផ្លាញនោះ គឺគេមានគំនិតតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ផែនការរបស់សម រង្សុីមិនថយក្រោយទេ គេនឹងធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ សម រង្សុី រៀបចំផែនការសម្លាប់មនុស្សសំខាន់ៗ ដែលមាននិន្នាការប្រឆាំងសម្តេចតេជោ ហ៊ុន សែន ដើម្បីទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន សម រង្សុីមិនញញើតនឹងធ្វើឡើយ។ លោក សម រង្សុី មានគំនិតឆ្លាតក្នុងការសម្លាប់មនុស្សដើម្បីចោទសម្តេចតេជោ ហ៊ុន សែន តែ សម រង្សុី នៅល្ងង់ ដែលជ្រើសវិធីដ៏ថោកទាប និងសាហាវឃោរឃៅនេះមកធ្វើជាអាវុធខ្លួន៕