(ភ្នំពេញ)៖ ក្រុមក្មេងទំនើងចំនួន២៩នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ និងហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកទៃ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ មុនធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News​ ឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ ចំនួន៦ រួមមាន ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវក្នុងរយៈពេល៣ថ្ងៃ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០ករណី សរុបចំនួន២៩នាក់ និងចាប់យកវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ថា ក្នុងនោះមានករណីលួចចំនួន៨ករណី ឃាត់បានចំនួន៩នាក់, លួចមានស្ថានទម្ងន់ទោសកាប់យកផ្លាកលេខម៉ូតូចំនួន១ករណី ឃាត់ខ្លួនបានចំនួន៨នាក់, ហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនបានចំនួន៧នាក់ និងធ្វើឲ្យខូចខាតចេតនា១ករណី ឃាត់ខ្លួនចំនួន៥នាក់។

នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះ សមត្ថកិច្ចបង្ក្រាបបានចំនួន៣ក្រុម ឃាត់ខ្លួនបានជនសង្ស័យចំនួន២០នាក់ ក្នុងនោះ៖

*ទី១៖ ក្រុមវត្តកម្សាន្ត (WKS) ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ចំនួន៥នាក់ បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាយប់ថ្ងៃទី ១៤ ខែមករា នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយព្រឹកឡើងថ្ងៃទី១៥ ខែមករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង

*ទី២៖ ក្រុមធូបម៉ូស (TM), ក្រុម (GK) ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបាន ចំនួន៨នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពកាលពីថ្ងៃទី៥ ខែមករា

*ទី៣៖ ក្រុមប្លុកតូច (MT) បានធ្វើសកម្មភាព២ករណី កាប់ម៉ូតូ និងកាប់ជនរងគ្រោះកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវណ័រប្រ៊ីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់ជនរងគ្រោះតែមិនត្រូវបណ្តាលឲ្យ ត្រូវទូលក់កាហ្វេបែកកញ្ចក់) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេយីហោតែ៨១ សាខាឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ក្រុមនេះធ្វើសកម្មភាពយ៉ាងសកម្មត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន៧នាក់។ ចំណែកបក្ខពួកដែលនៅសេសសល់ ទោះបីគេចទៅដល់កន្លែងណាសមត្ថកិច្ច នៅតែបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបឲ្យដល់ឫសគល់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តនៅបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្ដមសេនីយ៍​ឯក​ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជានគរបាលជំនាញធ្វើការ​សហការជាមួយនៅតាមបណ្ដាខណ្ឌនានា ដេីម្បីបង្ក្រាបទប់ស្កាត់បានក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ជាច្រើនករណី ហើយនៅដើមខែមករា ហើយធ្វើការបង្ហាញមុខជាសាធារណៈចំនួន២លើក និងលើកនេះចំនួន ២៩នាក់ទៀត ក្នុងនោះមានករណីលួចមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនា។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ សមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលនៅតាមអធិការដ្ឋាន បង្ក្រាបបទល្មើសបានចំនួន៨៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៨៣នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ចំនួន៣ករណី ឃាត់ខ្លួនបានចំនួន២០នាក់ និងបទល្មើសមជ្ឈឹមបង្ក្រាបបានចំនួន៨៥ករណី ឃាត់ខ្លួនចំនួន៣៦៣នាក់៕