(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា រៀបចំពិធីរំលឹកខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីស្តីការក្រសួងការបរទេស។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងដៃគូនានា។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រ, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀត ដោយមានការគាំទ្រពីបណ្តាប្រទេសជាមិត្តពិសេសប្រទេសបារាំង និងឥណ្ឌូណេស៊ី ដើម្បីចុះកិច្ចបទឈប់បាញ់រវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការបោះឆ្នោត និងការបង្កើតរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣។
ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលចុះទៅខេត្តប៉ៃលិន កាលពីម្សិលមិញ បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជាសព្វថ្ងៃ។ សម្តេចបានបញ្ជាក់ថា បើសិនជាគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” ជាមុនទេនោះ គឺគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសនេះទេ ហើយបើគ្មាននយោបាយឈ្នះៗរបស់សម្តេចនោះ ក៏គ្មានសន្តិភាពនៅកម្ពុជាដូចពេលនេះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើុកុំឱ្យអ្នកនយោបាយទាំងឡាយបកស្រាយខុសអត្ថន័យ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយស្នើឱ្យអ្នកនយោបាយ កុំយករឿងកិច្ចព្រមព្រៀងនេះ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនឱ្យសោះ៕