(ភ្នំពេញ)៖ ស្របពេលដែលតម្លៃស្រូវធ្លាក់ចុះ ហើយពេលនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការគន្លឹះចូលរួមដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករនោះ នៅថ្ងៃនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលគេដាក់រហស្សនាមជាសេដ្ឋីកសិកម្មនៅកម្ពុជា បង្ហាញការចូលរួមចណែកជួយទិញស្រូវសម្ងួត រួចហើយយកមកចូលរោងម៉ាស៊ីនកិនស្រូវបកជាអង្ករសម្រូបដោយឲ្យតម្លៃ ៣០០ ទៅ៣២០ដុល្លារក្នុងមួយតោន រួមទាំងថ្លៃដឹកជញ្ជូនមកដល់រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនផ្ទាល់តែម្តង ស្ថិតនៅគីឡូម៉ែត្រលេខ១៥៨ លើផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈបណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា តម្លៃនេះយើងអាចនិយាយគ្នាក្នុងបរិមាណ១០០០តោនម្តង វានឹងអាចឡើងង ឬចុះទៅតាមតម្លៃទីផ្សារ។ រោងចក្រផលិតចំណីសត្វរបស់គាត់ទទួលទិញជារាងរាល់ថ្ងៃដូចជាកន្ទក់ ចុងអង្ករ ពោតក្រហម ដំឡូងមីហាលស្ងួត៕ល៕
ការប្រកាសទិញស្រូវសម្ងួតពីប្រជាកសិករពីសំណាក់អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅដំណាក់កាលនេះជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះរបស់បងប្អូនកសិករនៅទូទាំងប្រទេស ចំពេលដែលកំពុងប្រមូលផល។
បើសិនប្រជាកសិករមានចំណាប់អារម្មណ៍លក់ស្រូវរបស់ខ្លួន សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលោកស្រី ជា ដានី ដែលនាយិការោងចក្រផលិតចំណីសត្វ 095 888 808៕