(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល ដឹកនាំដោយ លោក តេង គឹមស៊ាន អភិបាលស្រុក និងសហការី និងសាខាកាកបាទក្រហមកម្ពុជាស្រុក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ (ឆេះតូបលក់ឥវ៉ាន់) ស្ថិតរស់នៅភូមិកៀនកែស២ ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នាពេលកន្លងទៅ។

ថ្លែងក្នុងឱកាសនោះ លោក តេង គឹមស៊ាន ក្នុងនាមលោកប្រធានអនុសាខាស្រុក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងដោយក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។

លោកអភិបាលស្រុក ក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ អង្ករ ២០ គីឡូក្រាម, ត្រីខ១ យួរទឹកត្រី និងទឹកស៊ីអ៊ីវ ១យូរ,មី១កេស, ទឹកបរិសុទ្ធ១ កេសនិងថវិការ ចំនួន១៥ម៉ឺនរៀល ក្នុងនោះថវិការបស់អនុសាខាស្រុក៥ម៉ឺនរៀល និងថវិការរដ្ឋបាលឃុំគោគឃ្មុំ១០ម៉ឺនផងដែរ៕