(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញអមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។

នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន​ និងក្រោយឆ្នាំ ២០១០ ជាពិសេស​ នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រើប្រាស់នូវឯកសារគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។

លោកបណ្ឌិត​បានជម្រាបជូនថា កាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករ ទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។

លោកបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា​ ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ​ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន​ និងនាំចេញអង្ករកើនឡើងជាបន្តបន្ទាប់ ជាពិសេសផលិតកម្មស្រូវតែម្តង បានកើនឡើងតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ក្នុងនាមជាធានាគារគោលនយោបាយរបស់រដ្ឋាភិបាល ធនាគារ (ARDB )ក៏ទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានផ្តល់ជាមូលនិធិពិសេសដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផ្តោតលើដាំណាំស្រូវនិង ការនាំចេញអង្ករតែម្តង។

លោកបណ្ឌិតបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារគារARDB ក៏ បានចាក់ទុនចូលក្នុងវិស័យស្រូវអង្ករបានជាង ២០៨លានដុល្លារហើយ ក្នុងនោះ​ ក្នុងនោះភាគច្រើនលើសលប់ជាទុនបង្វិលភាគតិច ជាទុនវិនិយោគសម្រាប់ការកសាងឃ្លាំង និងឡសម្ងួត។

ក្រៅពីនោះមានទុនបង្វិលសម្រាប់ទិញស្រូវដើម្បីរក្សា ស្ថេរភាពតម្លៃស្រូវផង និងជំរុញនាំចេញផង។

ក្រោយពីមានការធ្លាក់ចុះតម្លៃស្រូវដោយមិនសមហេតុផល កាលពីឆ្នាំ២០១៦ នោះ រាជរដ្ឋាភិបាលក៏បានទម្លាក់ទុនយ៉ាងច្រើន ក្នុងវិស័យស្រូវអង្ករ ជាបន្តបន្ទាប់ក្នុងវិស័យស្រូវអង្ករតែម្តង។ ការដាក់ចេញនូវគោលនយោបាយ និងទម្លាក់ទុនជាបន្តបន្ទាប់នោះ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់​ និងគិតគូរពីជីវភាពប្រជាកសិករក៏ដូចជាលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករ​ ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩ តែម្តង រាជរដ្ឋាភិបាលបានបញ្ចេញទុនជាច្រើន ដើម្បីរក្សាលំនឹងជីវភាពកសិករ ក៏ដូចជា មិនមែនតែផ្នែកស្រូវអង្ករទេ មានទាំងការដាំដុះផ្លែឈើ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលទុនទាំងនោះបានលើកកម្ពស់វិស័យកសិកម្មទាំងមូល។

សរុបជារួមមកអ្វីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមកចាប់តាំងពីដំណាក់កាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបន្តផ្តោតគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងគោលនយោបាយរក្សាស្ថេរភាពតម្លៃកសិផល ព្រមទាំងរក្សា ស្ថេរភាព តម្លៃស្រូវ​ និងរក្សាលំនឹងជីវភាពរបស់កសិករក្នុងគ្រាមានវិបត្តិ និងកាត់បន្ថយភាពក្រីក្រអោយបានជាអតិបរិមា៕