(ក្រុងឡិចស៊ីនតុន, សហរដ្ឋអាមេរិក)៖ ពលរដ្ឋខ្មែរដែលឃ្លាតឆ្ងាយស្រុកទៅរស់នៅលើទឹកដីអាមេរិក នៅតែបន្តចងចាំចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ៧មករា ថ្ងៃដែលបានរំដោះអាយុជីវិត និងសិទ្ធិសេរីភាពចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដើម្បីរំលឹកដល់គុណបំណាច់នៃថ្ងៃជ័យជម្នះនេះ កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងរដ្ឋឃែនថឹកឃី សហរដ្ឋអាមេរិក បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។
ពិធីនោះត្រូវបានរៀបចំ និងចូលរួមដោយលោក សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតំបន់កណ្តាលខាងត្បូង សហរដ្ឋអាមេរិក រួមជាមួយ លោក ឡៅ លីហុក និងលោក លី សាវ៉ាន់ អនុប្រធាន រួមនិងលោក ជា ផាទ្រិច ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋឃែនថឹកឃី និងលោក ជា វុទ្ធី ប្រធានយុវជន ព្រមទាំងក្រុមការងារ និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡិចស៊ីនតុន និងទីក្រុងនានា ក្នុងរដ្ឋឃែនថឹកឃី សរុបចំនួន ២៥០នាក់។
ពិធីបានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងសាមគ្គីជាតិខ្មែរតែមួយ ជាមួយការចងចាំនូវស្មារតី និងគុណូបការៈ ៧ មករា ជារៀងដរាប។ លោក សូ វិសុទ្ធី បានលើកក្នុងពិធីនោះថា ការបិទបញ្ចប់ភ្លើងសង្គ្រាម និងសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ ចាប់ពីតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បូករួមជាមួយឆន្ទៈដ៏ខ្លាំងក្លា ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជាមានការរីកចម្រើនយ៉ាងលឿនរហ័ស និងបានធ្វើឱ្យកិត្យានុភាពជាតិ រីកខ្ពស់ត្រដែតជាថ្មី។
លោក សូ វិសុទ្ធី បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអ្នកបន្តវេនមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺនៅតែបន្តការពារយ៉ាងរឹងមាំនូវស្មារតីថ្ងៃជម្នះ៧មករា សុខសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
លោក សូ វិសុទ្ធី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅរដ្ឋឃែនថឹកឃី បើទោះបីឃ្លាតឆ្ងាយស្រុក ប៉ុន្តែបន្តផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រ ហើយនៅតែចងចាំ និងដឹងគុណចំពោះថ្ងៃជ័យជម្នះ៧មករា។
ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមនៅក្នុងពិធីនោះ បានគូសរំលេចថា ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២សម្រាប់ជីដូនជីតា និងឪពុកម្តាយរបស់ពួកគាត់។ បើទោះបីពួកគាត់បានឃ្លាតឆ្ងាយស្រុកយ៉ាងណាក្តី តែគុណបំណាច់នៃថ្ងៃដែលបានរំដោះអាយុជីវិត និងសិទ្ធិសិរីភាពរបស់ជីដូនជីតា និងឪពុកម្តាយរបស់ពួកគាត់ គឺនៅតែដក់ជាប់ក្នុងបេះដូងរបស់ពួកគាត់ជាប់ជានិច្ច៕