(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ក្នុងឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់អំពីដំណោះស្រាយ លើការរក្សាស្ថិរភាពថ្លៃស្រូវ តាមរយៈយន្តការចូលក្នុងសហគមន៍កសិកម្មទំនើប។

ក្នុងសន្និសីទនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ការចូលក្នុងសហគមន៍កសិកម្មទំនើប មានផលប្រយោជន៍ ៣ ដូចជា ការកាត់បន្ថយថ្លៃដើមផលិត, ការផលិតស្រូវមានគុណភាពត្រូវស្តង់ដារ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមចូលរួមផងដែរ ដើម្បីជួយផ្នែកឥណទាន។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «សហគមន៍កសិកម្មទំនើប ល្អយ៉ាងម៉េច? ទី១​ កាត់បន្ថយថ្លៃដើម គ្រប់គ្រងបរិមាណ គ្រប់គ្រងថ្លៃតាមរយៈផលិតកម្មតាមកិច្ចសន្យា ទី២ ស្រូវមានគុណភាព ដោយសាររបៀបដាក់ជី និងថ្នាំ មានសណ្ឋានតែមួយ»។

លោកបានបន្តថា ឥឡូវនេះ ទើបតែមានសហគមន៍កសិកម្មទំនើបតិចណាស់ ព្រោះនៅពេលដែលស្រូវបានថ្លៃ ប្រជាពលរដ្ឋសប្បាយចិត្ត និងធ្វើតាមទម្លាប់ ហើយពេលហៅគាត់ទៅចូលរួម គាត់បដិសេធ ប៉ុន្តែឥឡូវស្ថានភាពវាខុសគ្នា។

សព្វថ្ងៃនេះ កម្ពុជាឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ខណៈពេលឥណ្ឌូនេស៊ីក៏កាត់បន្ថយការនាំចូល ដោយសារឥណ្ឌូនេស៊ីក៏ជំរុញការផលិតរបស់ខ្លួន។ បញ្ហានេះ ទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ស្រូវដូចគ្នា។

សូមជម្រាបថា សហគមន៍កសិកម្មទំនើប គឺប្រៀបដូចជាការរួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។

ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ​កទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា នាពេលអនាគត។

រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ​នៃការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕