(ភ្នំពេញ)៖ តាមរយៈសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបង្ហោះនៅលើបណ្តាញសង្គម ក្នុងឱកាសចូលឆ្នាំសកល គ្រិស្តសករាជ២០២៥ និងខួបចម្រើនជន្មាយុ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះសម្តេចក្រឡាហោមថា ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងបានកសាងសមិទ្ធផលសង្គមជាច្រើន។

ក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភា និងក្នុងសម្តេចផ្ទាល់ សម្តេចសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខ ដ៏មហាប្រសើរបំផុតជូន សម្តេចក្រឡាហោម និងលោកជំទាវ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងជន្មាយុយឺនយូរ។

សម្តេចបានគូសបញ្ជាក់ថា៖ «សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាម អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើន ក្នុងការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនជាតិ និង ប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ»

សម្តេចបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់ សម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕