(ភ្នំពេញ)៖ លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានជំរុញឱ្យមានការកែច្នៃផលិតផលជលផលក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីបង្កើនតម្លៃបន្ថែម និងសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោក ខូវ គួង លើកឡើងបែបនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការដឹកនាំដោយ លោក ហាស សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ រដ្ឋបាលជលផល (FiA) ជាច្រើនរូប ដែលគាំទ្រពីគម្រោង CAPFISH-Capture នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ខូវ គួង បានលើកឡើងថា ពាក់ព័ន្ធអ្នកប្រមូលផល និងអាជីវករ ដែលពាក់ព័ន្ធជាមួយត្រីទឹកសាប ក្នុងរយៈកាលថ្មីៗនេះ គឺមានការកើនឡើង សម្រាប់អ្នកដែលធ្វើអាជីវកម្ម ក៏ដូចជាយកទៅធ្វើការកែច្នៃ ទិញលក់ ក៏សប្បាយរីករាយ ជាមួយនឹងផលដែលកើនឡើងនេះ និងមានការងាយស្រួលក្នុងការធ្វើអាជីវកម្មផងដែរ។

លោក ខូវ គួង បានបញ្ជាក់ថា កន្លងមកមានការនាំចេញផលិតផលជលផលស្រស់ ហើយនិងផលិតផលកែច្នៃ ហើយក៏មានការនាំផលិតផលកែច្នៃតិចតួច ហើយជាគោលនយោបាយរបស់រដ្ឋបាលជលផល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាជំរុញឱ្យមានការកែច្នៃ គឺជាការបង្កើនតម្លៃបន្ថែម ដើម្បី​ឱ្យផលិតផលទទួលបាននូវតម្លៃចេញពីការកែច្នៃ សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ហើយយើងព្យាយាមទាំងបរិមាណ គុណភាព និងតម្លៃបន្ថែម ទោះបីជាបរិមាណយើងមិនបានកើនច្រើន ប៉ុន្ដែផលិតផលដែលកើតចេញពីការកែច្នៃ ឬពីការបង្កើនតម្លៃ ហើយទទួលបានតម្លៃបន្ថែម ដែលនាំមកនូវចំណុលច្រើនជាងមុនផងដែរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ទៀតថា ចំពោះការងារកែច្នៃនេះ គឺជាគោលការណ៍ ត្រូវធ្វើយ៉ាងណា ដើម្បីឱ្យមានគុណភាព សុវត្ថិភាព ត្រូវអនុវត្ដតាមបច្ចេកទេសដែលមានលក្ខណៈស្តង់ដារនិងមានភាពច្នៃប្រឌិត ក៏ដូចជានុវានុវត្ដ ដែលធ្វើឱ្យផលិតផលរបស់យើងកាន់តែទទួលបានគុណភាព និងធានាបាននូវសុវត្ថិភាព ហើយ យើងត្រូវកែច្នៃឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារផងដែរ។

ជាមួយគ្នានេះដែរ អ្នកស្រី​ ឡឹប​ ម៉ារី​ ម្ចាស់សហគ្រាស​ យូនីកា បានលើកឡើងថា ចាប់ពីតាំងបើកសហគ្រាសកែច្នៃត្រីក្នុង២០១៤ យូនីកា មានបំណងផ្តល់នូវផលិតផលសម្បូរបែប និងបង្កើនផលិតភាពដើម្បីផ្គត់ផ្គង់ទៅកាន់បណ្តាទីផ្សារក្នុងរាជធានីភ្នំពេញ រួមទាំងផ្សារទំនើប និងផ្សារលក់ផលិតផលស្រស់ៗផងដែរ។ យូនីកា តែងតែព្យាយាមអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ និងមាននៅផ្សារទំនើបជាច្រើន។ ម្ចាស់សហគ្រាសរូបនេះ បានបន្ដថា កន្លែងកែច្នៃត្រី រួមមាន ត្រីងៀត​ ត្រី​ហ្វីឡេ​ ត្រីឆ្អើរ​ និងប្រហុក ហើយក៏រំពឹងថា នឹងនាំចេញទៅក្រៅប្រទេសផងដែរ។

អ្នកស្រី​ ឡឹប​ ម៉ារី​ បានបន្ដថា ត្រីដែលលក់បានសព្វថ្ងៃ គឺមកពីទន្លេសាប ត្រីចិញ្ចឹមក្រុងស្រុក ដែលយកពីដៃគូសហការ ហើយក៏មានត្រីសមុទ្រមួយចំនួន ហើយអាចកែច្នៃត្រីស្រស់មកជាត្រីងៀតក្នុងមួយខែអាចកែច្នៃត្រីស្រស់ចាប់ពី៦០០ គីឡូ ទៅ១តោន។ ប៉ុន្ដែប្រសិនបើត្រីងៀត ដោយសារតែយើងធ្វើត្រីស្រស់១០០គីឡូ បានត្រីគ្រៀមប្រហែល១០គីឡូ ទៅ២០គីឡូ តាមប្រភេទត្រី ហើយយើងអាចចេញបាន៥០០គីឡូ ទៅ៦០០គីឡូ ដែលក្នុងមួយខែទៅតាមផ្សារទំនើបនានា។

សូមបញ្ជាក់ថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) ជាកម្មវិធីជលផល ក្រោមហិរញ្ញប្បទាន គាំទ្រពីសហគមន៍អឺរ៉ុប មានគោលបំណងរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី សម្រេចបានចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។

គម្រោងមានគោលដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ផ្តោតលើការពង្រឹងសមត្ថភាពអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រនិងអភិវឌ្ឍសហគ្រាសជលផល ក្រោយប្រមូលផល តាមរយៈការកសាងសមត្ថភាព អភិវឌ្ឍជំនាញ អនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ បង្កើតយន្តការគាំទ្រនិងដាក់ចេញនូវកម្មវិធីគាំទ្រសហគ្រាសជលផល ដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ វិស័យនេះ៕