(ចិន)៖ នៅក្នុងឱកាសពិព័រណ៍ទេសចរណ៍ចិន-អាស៊ានឆ្នាំ២០១៦ នៅទីក្រុង Guilin នៃតំបន់ពិសេសក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសវនាការជាមួយលោក Zhang Xiaoqin អភិបាលរង នៃតំបន់ពិសេស ក្វាងស៊ី នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរងនៃតំបន់ពិសេសក្វាងស៊ី, ភាគីទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនដូចជា៖
១៖ ភាគីក្វាងស៊ីបានសម្តែងការកោតសរសើរ និងរីករាយចំពោះយុទ្ធសាស្ត្រត្រៀមទទួលភ្ញៀវទេសចរចិន (China Ready) របស់កម្ពជា។
២៖ ភាគីទាំងពីរបានឯកភាពគ្នាពង្រីកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ចិន អាស៊ាន ឲ្យកាន់តែល្អប្រសើរជារៀងរាល់ឆ្នាំ ដោយអញ្ជើញវិនិយោគិន និងប្រតិបត្តិករទេសចរណ៍ចិនអាស៊ានឲ្យមកចូលរួមឲ្យកាន់តែច្រើន។
៣៖ ភាគីក្វាងស៊ី នឹងជំរុញឲ្យក្រុមហ៊ុន Alibaba ទៅសិក្សា និងវិនិយោគផលិតផលទេសចរណ៍នៅកម្ពុជាឲ្យបានឆាប់រហ័ស
៤៖ ភាគីក្វាងស៊ី នឹងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងផ្តល់បទពិសោធន៍ល្អៗក្នុងការគ្រប់គ្រង រមណីយដ្ឋាននិងគោលដៅទេសចរណ៍
៥៖ បង្កើនជើងហោះហើរពី ក្វាងស៊ីមកកម្ពុជាអោយកាន់តែច្រើន និងជំរុញការតភ្ជាប់តាមផ្លូវអាកាស ពីតំបន់ទេសចរណ៍កូលឹង មកកម្ពុជាអោយឆាប់រហ័ស។
លោក ថោង ខុន បាននឹងកំពុងបំពេញទស្សនកិច្ច ចូលរួមពិពរណ៌ទេសចរណ៍ ចិន-អាស៊ាន លើកទី២ នៅទីក្រុងទេសចរណ៍ Guilin ខេត្ត Guanxi ប្រទេសចិន ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ តុលានេះ។ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូវិស័យរដ្ឋ-ឯកជន សរុប១៧រូបទៅចូលរួម។
សូមបញ្ជាក់ថា ពិពណ៌ទេសចរណ៍ ចិន-អាស៊ាន បានត្រូវរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៥ (នៅក្រុងទេសចរណ៍ Guilin ខេត្តGuanxi ប្រទេសចិន) ហើយឆ្នាំ២០១៦នេះ គឺជាលើកទី២ ដែលក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានផ្តល់កិត្តិយសជាភ្ញៀវកិត្តិយស (Guest Country Of Honor) ក្នុងការថ្លែងសុន្ទរកថា បើកសិក្ខាសាលា និងបើកពិពរណ៌ទេសចរណ៍អន្តរជាតិនេះ ក្នុងពេលដែលប្រទេស Brunei ត្រូវបានផ្តល់កិត្តិយស កាលពីលើកទីមួយ ឆ្នាំ២០១៥៕