(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

តាមរយៈសារលិខិតជូនពរសម្ដេចក្រឡាហោម ស ខេង, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអំពីការស្ញប់ស្ញែងចំពោះវីរភាពរបស់សម្ដេចក្រឡាហោម ស ខេង ដែលបានខិតខំបំពេញបេសកកម្មជាតិ ប្រកបដោយភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនសម្ដេចក្រឡាហោម ស ខេង៖

«នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយជ័យមង្គល នៃពិធីខួបកំណើតរបស់ សម្ដេចក្រឡាហោម គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរ ក្នុងមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចក្រឡាហោម សូមមាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតី ភ្លឺថ្លាវាងវៃ និងចម្រើនជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពអបអរសាទរ និងស្ញប់ស្ញែងចំពោះវីរភាព សម្តេចក្រឡាហោម ដែល តែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បី បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្ដេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវសេចក្តី គោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕