(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ កម្លាំងចម្រុះ បានដកហូតម៉ាសីុនត្រង់ទឺន័រ ០២គ្រឿង រុះរើ និងដុតកម្ទេចចោល ខ្ទមសង់ពីឈើលើដីចំនួន២៨ខ្នង ព្រមទាំងឃាត់ខ្លួនបុរសម្នាក់ដែលជាមុខសញ្ញាមេក្លោង បំផុសបំផុលប្រជាពលរដ្ឋ ឲ្យមកកាប់រានហ៊ុំព័ទ្ធដីព្រៃសហគមន៍ (ព្រៃដៃគូឃុំសំរោង) មកធ្វើជាកម្មសិទ្ធិឯកជន។
ប្រតិបត្តិការដ៏ក្តៅគគក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាល១ និងវាល២ ក្នុងព្រៃសហគមន៍ (ព្រៃដៃគូឃុំសំរោង) ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលជាមេក្លោងបំផុសបំផុលប្រជាពលរដ្ឋ ឲ្យកាប់រានដីព្រៃសហគមន៍នោះ មានឈ្មោះ ជា សារ៉ូ អាយុ ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ ដែលធ្វើឡើងកាលពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាល១ និងវាល២ ក្នុងព្រៃសហគមន៍ (ព្រៃដៃគូឃុំសំរោង)នោះ កម្លាំងសហការរួមមាន អាវុធហត្ថស្រុក រដ្ឋបាលព្រៃឈើ និងគណៈកម្មការសហគមន៍ព្រៃឈើ បានដកហូតម៉ាស៊ីនត្រង់ទឺន័រ ០២គ្រឿង រុះរើ និងដុតកម្ទេចចោល ខ្ទមសង់ពីឈើលើដីចំនួន ២៨ខ្នង និងបានអប់រំពួកគាត់ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដែលពួកគាត់ភាគច្រើនជាជនចំណាកស្រុកមកពីខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ កម្លាំងសហការ បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេក្លោង ក្នុងការបំផុសបំផុលប្រជាពលរដ្ឋ ឲ្យមកកាប់រានហ៊ុព័ទ្ធដីព្រៃសហគម៍ នៅវេលាម៉ោង ០៣ និង២០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦តែម្តង។
ក្រោយការឃាត់ខ្លួនមេក្លោងមកសួរនាំ និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញរួចមក កម្លាំងរបស់លោកបានប្រគល់ជនសង្ស័យទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី៕