(កំពង់ធំ)៖ ក្មេងប្រុសស្រី៣នាក់ ស្ថិតក្នុងវ័យកំពុងពេញស្រឡាញ់ បានលង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ ដោយសារការធ្វេសប្រហែស របស់អាណាព្យាបាល ខណ:ដែលបុរសវ័យចំណាស់ម្នាក់ទៀត ក៏ បានលង់ទឹកស្លាប់ផងដែរដោយសារជំងឺស្កន់។
មន្ដ្រីនគរបាល បានឲ្យដឹងថា ករណីទី១-បានកើតឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ជនរងគ្រោះ ឈ្មោះ រ៉ូយ ស្រីនិច ភេទស្រី អាយុ៣ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ខណៈទៅមុជទឹកលេងជាមួយនឹងឪពុក ហើយឪពុកភ្លេចមើល ករណីទី២-នៅថ្ងៃទី១៩ ខែតុលានេះ ក្នុង១ថ្ងៃ ស្លាប់៣នាក់ទៀត ដោយក្នុងនោះទី១-ឈ្មោះ យឿន យី ភេទប្រុស អាយុ៥៥ឆ្នាំ កើតជម្ងឺស្កន់ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង បានដួលផ្កាប់មុខឈ្លួកទឹកស្លាប់ ទី២-កុមារាឈ្មោះ សន សម្បត្តិ អាយុ៧ឆ្នាំ បានលង់ទឹកស្ទឹងសែនស្លាប់ នៅក្នុងភូមិតាំក្រសៅ ឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ និងទី៣-កុមារីឈ្មោះ ចន គីមហួន អាយុ៨ឆ្នាំ បានលង់ទឹកប្រឡាយអូរ៧៣ស្លាប់ គួរឲ្យអាសូរជាទីបំផុត។
ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋានបានទទូចឲ្យឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូបបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួន កាន់តែខ្លាំងស្របពេលដែលតំបន់ខ្លះត្រូវទឹកជន់លិច។
ក្រោយកើតហេតុ សាកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕