(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីរកដំណោះស្រាយធ្វើការបូមទឹក សង្គ្រោះបានទាន់ពេលវេលា។
លោក ហាក់ ម៉ុងហួត បានលើកឡើកថាដោយទទួលបានការរាយការណ៍ពីអាជ្ញាធរភូមិ/ឃុំ អំពីស្ថានភាពស្រូវស្រែប្រាំងវគ្គ២ ដែលកំពុងប្រឈមនិងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព លោកអភិបាលក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ លោកក៏មានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។
លោកអភិបាលស្រុកតាំងគោក លើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរ តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកក៏បានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការបូម ឬបញ្ជូនទឹកបញ្ចូលស្រែបានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋតាមរយៈវិស័យកសិកម្ម។ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង៕