(ភ្នំពេញ)៖ ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ មានបេក្ខជនចូលរួមប្រកួត ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត ដែលជាផែនការឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួតសម្រាប់បេក្ខជនដោយផ្ទាល់ ខណៈដែលការប្រកួតលើកទី១ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសីល្បៈ បានចូលរួមធ្វើជាអ្នកអានអត្ថបទក្នុងកម្មវិធីសំណេរអង្គរនេះ។
សូមបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បីលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា ការប្រកួតសំណេរអង្គរលើកទី២នេះ មានបេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត ចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ»។ ក្នុងចំណោមបេក្ខទាំងអស់មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបង មានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ,រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ៕