(ពោធិ៍សាត់)៖ សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ម្នាក់ ត្រូវចោរប្លន់ប្រដាប់ដោយអាវុធ ប្លន់យករថយន្ត Highlander មួយគ្រឿង រួចជិះគេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោង ០៦ និង៥៧នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅម្តុំជិតផ្សារថ្មី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា រថយន្ត Highlander ស៊េរី២០០៤ ព័ណ៌ទឹកមាស ពាក់ស្លាកលេខ 2V-5355 លេខម៉ាស៊ីន 2A21348291 លេខតួ JTEGD21A940087114 ជាកម្មសិទ្ធិរបស់ឈ្មោះ ឈឹម ផាវ៉េត ភេទប្រុស អាយុ ៦៣ឆ្នាំ មានតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា រហូតមកដល់ម៉ោង ៨យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើងទេ។
លោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យមានតែម្នាក់គត់ ហើយមានកាំភ្លើងភ្ជង់ទៅលើជនរងគ្រោះ រួចជិះគេចខ្លួនដោយសុវត្ថិភាព។
លោកស្នងការខេត្តបានឲ្យដឹងទៀតថា បច្ចុប្បន្នលោកបានចាត់ឲ្យកម្លាំងអធិការគ្រប់ស្រុកក្រុង ចាត់ចែងឡើងទៅតាមមុខសញ្ញាផ្លូវសំខាន់ៗ បើឃើញភិនភាគឡានដូចខាងក្រោម ត្រូវឃាត់ខ្លួនជនសង្ស័យនោះឲ្យខាងតែបាន។
សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា រថយន្តរកឃើញហើយ ក្រោយពីចោរបើកដាក់ប្លុងចោលក្នុងវត្តពាលញែក ហើយនៅពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាចោរ។