(ប៉ៃលិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចំណាយពេលពេញមួយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ធ្វើដំណើរតាមផ្លូវលេខ៥៩ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកាន់ខេត្តប៉ៃលិន ដោយបានឆ្លងកាត់តំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវរវាងខ្មែរ និងខ្មែរនាអំពឡុងទស្សវត្សរ៍ឆ្នាំ៨០ និង៩០។ ក្នុងដំណើរឆ្លងកាត់ដែនដីអតីតសមរភូមិប្រយុទ្ធនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សា អគារទីចាត់ និងអគារស្នាក់នៅសរុប ៦១ខ្នង ស្មើនិង ៥៤៥បន្ទប់។
សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅវេលាម៉ោងប្រមាណ៥ព្រឹកបានចាប់ផ្តើមធ្វើដំណើរចេញពី ខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ខេត្តប៉ៃលិន ដោយធ្វើដំណើរតាមផ្លូវលេខ៥៩ ហើយបានឆ្លងកាត់តាមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង។
លើដងផ្លូវឆ្ពោះពីខេត្តបន្ទាយមានជ័យ មកកាន់ខេត្តប៉ៃលិននេះ គឺជាតំបន់មួយដែលគេបានដឹងយ៉ាងច្បាស់ថា ជាតំបន់មួយជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយ រវាងកងទ័ពខ្មែរក្នុងសម័យរដ្ឋកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងកងទ័ពត្រីភាគីដឹកនាំដោយ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លោកតា សឺន សាន្ត និងកងទ័ពខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត និងតាម៉ុក។
បើទោះបីជាយ៉ាងណាសង្រ្គាមដណ្តើមដែនដីរវាងខ្មែរ និងខ្មែរត្រូវបានបិទបញ្ចប់បន្ទាប់ពីសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានបើកជំនួបពិភាក្សាគ្នាច្រើន លើកច្រើនសារ រហូតមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ជាពិសេសនោះ ក្រោមនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដឹកដៃកងទ័ពខ្មែរក្រហម ដែលមិនព្រមអនុវត្តតាមស្មារតីនៃកិច្ចចរចាសន្តិភាព ទីក្រុងប៉ារីសឲ្យធ្វើសមាហរណកម្មចូលរួមរស់ក្រោមដំបូល រាជាណាចក្រកម្ពុជាទី២ជាបន្តបន្ទាប់នៅក្នុងអំឡុងឆ្នាំ១៩៩៦ ជាហេតុធ្វើឲ្យ កម្ពុជាបិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុង។
ក្នុងសេចក្តីថ្លែងការណ៍រំលឹកខួប ២០ឆ្នាំ នៃការធ្វើសមាហរណកម្មរបស់កងទ័ពខ្មែរក្រហមពីសាលាខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី១៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ បន្ទាប់ពីបានឃើញតំបន់អតីតសមរភូមិប្រែក្លាយពីតំបន់ប្រយុទ្ធ មកជាតំបន់សេដ្ឋកិច្ច អភិវឌ្ឍន៍នាំឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ ដែលបានដាក់ចេញ និងដឹកនាំផ្ទាល់ នៃនយោបាយឈ្នះឈ្នះនេះ ក៏បានសម្រេចចេញជារូបរាងឡើងនូវសន្តិភាពពិតប្រាកដមួយ ដែលខ្មែរទាំងអស់ គ្មានអ្នកឈ្នះ ហើយគ្មានអ្នកចាញ់ ក៏ប៉ុន្តែយើងបានឈ្នះទាំងអស់គ្នា។ ឥឡូវនេះ ខួប២០ឆ្នាំ បានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ មើលឃើញពិតប្រាកដនូវស្ថានភាពដែលថា យើងបាននឹងកំពុងប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ ឲ្យទៅជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍ។ លើកំណាត់ផ្លូវជាង ២០០គីឡូម៉ែត្រនេះ ខ្ញុំព្រះករុណាខ្ញុំ បានឃើញការផ្លាស់ប្តូរទាំងស្រុងពីសង្រ្គាម បែកបាក់ប្រយុទ្ធបង្ហូរឈាម ទៅជាកន្លែងដែលមានការអភិវឌ្ឍ»។
ដំណើរតាមរថយន្តលើដែនដីអតីតសមរភូមិក្នុងខួប២០ឆ្នាំ នៃការនាំកងទ័ពខ្មែរក្រហមចូលរួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
បើទោះបីក្រោមកំដៅថ្ងៃរាងក្តៅបន្តិចក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរលើដែនដីអតីតសមរភូមិ បានចូលទៅកាន់សាលាជាច្រើនកន្លែង ដែលស្ថិតនៅអមសងខាងផ្លូវលេខ៥៩។ ដោយសារភាពរីករាយក្នុងការផ្តល់អគារសិក្សា ជូនសិស្សានុសិស្សនេះ បានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ភ្លេចអស់ភាពនឿយហត់ បើទោះបីសម្តេចបានធ្វើដំណើរច្រើនម៉ោង ហើយម៉ោង៣រសៀល ទើបបានស្រស់ស្រូបអាហារពេលថ្ងៃក៏ដោយនោះ។
ពេញមួយថ្ងៃទី១៩ ខែតុលា លើចំងាយផ្លូវជាង ២០០គីឡូម៉ែត្រនេះ សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យ និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ និងសិស្សសរុប ៦១ខ្នង ស្មើនិង ៥៤៥បន្ទប់ ព្រមទាំងជួយជួសជុលអគារសិក្សាចាស់ ព្រមទាំងបង្កើតតារាងបាល់ទាត់ បាល់ទះ និងបាល់បោះជូនសិស្សានុសិស្សផងដែរ។
លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ដែលទទួលបានអគារសិក្សាបានសម្តែងក្តីរីករាយសប្បាយ និងបានចាត់ទុកនាយករដ្ឋមន្រ្តីកម្ពុជាថា ជាមេដឹកនាំយកចិត្តទុកដាក់ខ្ពស់ទៅលើការអប់រំ ហើយពួកគេរំពឹងតាមរយៈសមិទ្ធផលនេះ នឹងជួយឲ្យការអប់រំនៅលើដែនដីជន បទ និងជាដែនដីហែកហួរដោយភ្លើងសង្រ្គាមពីអតីតកាលនឹងមានការវិវឌ្ឍន៍កាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ខេត្តប៉ៃលិន គឺជាខេត្តទី២០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្តចុះមកដល់ក្រោយពេលសម្តេច បានប្រកាសដាក់ ចេញយុទ្ធនាការនេះកាលពីខែកក្កដា។ ក្នុងដំណើរចុះតាមបណ្តាខេត្តនេះ ក្រៅពីបានជួបដោះស្រាយបញ្ហារបស់មន្រ្តី និងប្រជាពលរដ្ឋតាមបណ្តាខេត្តដោយ ផ្ទាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាអប់រំរបស់កូនចៅប្រជាពលរដ្ឋនៅទីជនបទបានយ៉ាងច្រើន តាមរយៈការជួយសាងសង់អគារសិក្សា អគារស្នាក់នៅ អគារទីចាត់ការ ក៏ដូចជាការជួយជួសជុលអគារសិក្សាផងដែរ។ អគារដែលសម្តេចតេជោ បានជួយសាងសង់មានចំនួនសរុបជាង ២០០ខ្នង ស្មើនិងជិត ៣ពាន់បន្ទប់ហើយ៕