(ពោធិ៍សាត់)៖ រយៈពេល៧ថ្ងៃ អង្គការ Hello Trust សហការជាមួយកម្លាំងប៉ុស្តិ៍តាលោ បានចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បាន៦៥គ្រាប់ ដែលនៅសេសសល់ តាំងពីសម័យសង្គ្រាម លើ៧ភូមិ ក្នុងស្រុកបាកាន។
ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១២-១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទីតាំងដី ស្ថិតក្នុងភូមិប្រហាល, ភូមិសំសាន្ត, ភូមិព្រៃកន្ទួត, ភូមិបោសគរ, ភូមិបឹងកក់, ភូមិតាំងគោក និងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែតុលានេះ កម្លាំងប៉ុស្តិ៍របស់លោក និងបុគ្គលិកអង្គការ Hello Trust បានប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម បាន៦៥គ្រាប់ មានដូចជា ម៉ូទ័រ 60mm ១គ្រាប់, T69 ៨គ្រាប់, 60mm ១១គ្រាប់, 72A ៣គ្រាប់, ម៉ូទ័រ 82mm ១១គ្រាប់, PG7 ១៧គ្រាប់, PG2 ២គ្រាប់, RGD5 ១គ្រាប់, F1 ១គ្រាប់, 82.2mm ២គ្រាប់, B40 ៣គ្រាប់, B40.5 ៣គ្រាប់, M46 ២គ្រាប់។
លោកអធិការបានបន្តថា «ក្រោយពេលប្រមូលបានហើយនោះ យើងបានកម្ទេចចោលនៅទីនោះតែម្តង ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងឡាយណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ (Hello Trust) ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»៕