(ភ្នំពេញ)៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ មហាវិថីសម្តេចតេជោ ដែលគេនិយមហៅថាផ្លូវ៦០ម៉ែត្រ ដែលមានព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលមនុស្សស្លាប់ និងរងរបួស ជាហូរហែ ហើយត្រូវបានមហាជនបង្ហោះក្នុងបណ្តាញសង្គមឥតឈប់ឈរ និងបានក្លាយជាក្តីបារម្ភបំផុតសម្រាប់សង្គមជាតិ។
ដោយប្រកាន់ភ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌ និងរដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌ បានមូលមតិគ្នា ជាឯកច្ឆន្ទនិមន្តព្រះសង្ឃចំនួន១៤អង្គ សូត្រមន្តរំដោះ គ្រោះសុំសេចក្តីសុខសប្បាយ នៅលើបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)។ ក្នុងនោះ ក៏មានការចូលរួមផងដែរពីសំណាក់អស់ លោក-លោកស្រី ជាមន្ត្រីសាលា សង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីមូលដ្ឋានកង រាជអាវុធហត្ថសរុបជាង ២០០នាក់។
កាលពីពេលថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ និងការប្រើប្រាស់ទ្រូងផ្លូវឲ្យបានត្រឹមត្រូវ និងរួមគ្នាលើកកម្ពស់សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ៕