(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ ស្ដីពីសកម្មភាពរបស់អាជ្ញាធរខេត្តចុះទប់ស្កាត់មនុស្សមួយក្រុម ដែលបានធ្វើសកម្មភាពទន្ទ្រានយកដី បម្រុងទុករបស់រដ្ឋ នៅចំណុចអូរពង្រ ស្ថតិក្នុងភូមិពោធិ៍ទាប ឃុំម្ជូព្រៃមួយ ស្រុកឆែប​ ដែលអាជ្ញាធររក្សាទុកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋតាមគោលដៅដីសម្បទានសង្គមកិច្ច។

តាមសេចក្ដីប្រកាសព័ត៌ ដែលចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះបានបញ្ជាក់ថា «កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ អាជ្ញាធរខេត្តព្រះវិហារដឹកនាំ កម្លាំងសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់ក្នុងការ ទប់ស្កាត់ ប្រជាពលរដ្ឋទៅពីឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលនាំគ្នាមកសង់លំនៅដ្ឋាន ដើម្បីទន្ទ្រានកាន់កាប់យកដី១០ភាគរយ»

រដ្ឋបាលខេត្តព្រះវិហារ បន្ថែមថា «ការអនុវត្តវិធានការផ្លូវច្បាប់នេះ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ទាំងនេះជាច្រើនលើក ជាច្រើនសារ ប៉ុន្ដែពួកគាត់នៅតែមានៈរឹងទទឹងដោយពុំស្ដាប់អាជ្ញាធរឡើយ និយាយយ៉ាងនេះ ពុំមែនមានន័យថា អាជ្ញាធរមានការរើសអើងទៅប្រជាពលរដ្ឋរបស់ខ្លួនដោយប្រការណាមួយឡើយ ហើយក្នុងពេលដែលសមត្ថកិច្ចធ្វើសកម្មភាពរុះរើសំណង់ខុសច្បាប់នេះ ក៏ពុំមានការប៉ះទង្កិចគ្នាជាមួយពលរដ្ឋ ឬបានធ្វើសកម្មភាពរំលោភសិទ្ធិ និងប្រើហិង្សា ទៅលើពួកគាត់ទេ»

ប៉ុន្ដែអ្វីដែលរដ្ឋបាលខេត្តព្រះវិហារ សោកស្ដាយយ៉ាងខ្លាំងនោះ មានសារព័ត៌មានមួយចំនួន ដែលបានលើកឡើងអំពីសកម្មភាព ចុះអនុវត្តវិធានការច្បាប់របស់អាជ្ញាធរខេត្ត ផ្ទុយពីការពិតទៅវិញ។

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖