Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាព ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល

15-01-2025 11:30

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុខ ពុទ្ធិវុធ អនុ​ប្រធាន និងជាតំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម​សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងអ្នកឧកញ៉ា លាង ម៉េង សហស្ថា​ប​និក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជា​អធិបតី​ភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់រវាង​ស្ថាប័នទាំងពីរ នៅរោងចក្រខ្មែរប៊ែវើរីជីស។

មានប្រសាសន៍នាឱកាសនៃពិធីនោះ លោក សុខ ពុទ្ធិវុធ បានថ្លែងអរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្តល់កិច្ចសហប្រតិបត្តិការដល់សមាគម អ.ម.ត តបតាមការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត សម្រាប់ផ្តល់ឱកាសដល់និស្សិតអាហារូបករណ៍ អ.ម.ត នូវកម្មវិធីទស្សនកិច្ចសិក្សា, កម្មសិក្សា ឬឱកាសការងារ ព្រមទាំងឱកាសចូលរួមសិក្ខាសាលា, វគ្គបណ្តុះបណ្តាលខ្លីៗ, ការចែករំលែកចំណេះដឹង និងបទពិសោធលើវិស័យពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។

ទន្ទឹមនេះ លោក សុខ ពុទ្ធិវុធ ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់រូប​ឱ្យបន្ត​ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកប​ដោយ​សក្តា​នុពល ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាកម្លាំងចលករ​ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា៕