(ភ្នំពេញ)៖ ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»។
សម្តេចតេជោ ហ៊ុន សែន នៅអំឡុង៣ថ្ងៃមកនេះ បានចុះត្រួតពិនិត្យអំពីសមិទ្ធផល និងការអភិវឌ្ឍន៍ នៅតាមបណ្តាខេត្តភាគពាយ័ព្យប្រទេស ដែលក្នុងនោះមានខេត្តបន្ទាយមានជ័យ ប៉ៃលិន ជាដើម។ សម្តេចបានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម មុនសមាហរណកម្មឆ្នាំ១៩៩៦។
សម្តេចបានសម្តែងភាពរីករាយ ដោយឃើញតំបន់អតីតសង្រ្គាមទាំងនោះ មានការអភិវឌ្ឍ រីកចំរើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយស្នាមញញឹម។ សម្តេចបានមានប្រសាសន៍ថា «ឥឡូវនេះជីវភាពរបស់ប្រជាជនយើង ប្រែក្លាយពីសង្រ្គាមមកកាន់សន្តិភាព ប្រែក្លាយពីការប្រយុទ្ធ ទៅជាការអភិវឌ្ឍដែលមកដល់ពេលនេះជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនដែលខ្ញុំបានឆ្លងកាត់ រួមមានស្រុកម៉ាឡៃ ស្រុកភ្នំព្រឹក សំពៅលូន កំរៀង ជីវភាពរបស់ប្រជាពលរដ្ឋ ហាក់ដូចជារីករាយខ្លាំងណាស់ជាមួយសមិទ្ធផលដែលគាត់មាន»។
កម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទស្សវត្ស ចាប់តាំងពីឆ្នាំ១៩៧០ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ របបខ្មែរក្រហមប៉ុលពត ដែលបានផ្តួលរំលំរបស់លន់ណុល ហើយដឹកនាំប្រទេសបណ្តាលឱ្យមានមនុស្សរាប់លាននាក់។ ក្រោយមកនៅឆ្នាំ១៩៧០ រណសិរ្យរំដោះជាតិកម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ បានវាយផ្តួលរំលំប៉ុលពត ប៉ុន្តែសង្រ្គាមនេះមិនបានបញ្ចប់ភ្លាមៗនោះទេ ហើយអូសអន្លាយជាច្រើនឆ្នាំទៀត។
សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់អ្នកជំនាន់មុន ដែលបង្កើតសង្រ្គាមនេះ ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយជាអ្នកដោះស្រាយ។ សម្តេចតេជោ៖ «យើងជាអ្នកជំនាន់ក្រោយ ត្រូវស្រាយនូវចំណងដែលអ្នកជំនាន់ដើមបានចុះ ចំណុចនេះខ្ញុំព្រះករុណាខ្ញុំបានប្រកាសនៅប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ និងទីកន្លែងដទៃទៀត ដូចជាសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់ដែលធ្វើសមាហរណកម្មដទៃទៀត»។
សម្តេចបានបន្ថែមថា «ហ៊ុន សែន និងមេដឹកនាំផ្តាច់ខ្លួនទាំងឡាយ មិនមែនជាអ្នកទទួលខុសត្រូវទៅលើការបង្កើតសង្គ្រាមនេះទេ ប៉ុន្តែសង្គ្រាមនេះ ត្រូវបានកកើតឡើងដោយអ្នកជំនាន់មុន ប៉ុន្តែអ្នកជំនាន់ក្រោយទទួលបន្ទុកដោះស្រាយ»៕