(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន២៥នាក់ ជាមួយនឹងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ៣កេស និងថវិកា ចំនួន២០ម៉ឺនរៀល ពោលគឺមុនពេលចាប់ផ្តើម ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានឱ្យដឹងថា បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០%។ ការថយចុះអាត្រាជំងឺគ្រុនឈាមនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលបានសហការគ្នា បាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ បានល្អប្រសើរ។

លោក ឃួង ស្រេង បានបន្តថា នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឱ្យមានហានិភ័យ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចុះយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួន បាននឹងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះ ជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះ យើងនឹងប្រើប្រាស់រថយន្តរបស់កងកម្លាំងកងពលតូចលេខ៧០ (ង៧០) បាញ់សម្លាប់មូសខ្លា ជាទ្រុងទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តតាមដានមើលពីសុខមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកប្រជាពលរដ្ឋវិញ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធ បើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លា ឬជំងឺគ្រុនឈាម។

លោក ឃួង ស្រេង បានបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចនេះតែម្ដង ជាមួយនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការងារចុះយុទ្ធនាការល្ងាចថ្ងៃនេះ កម្លាំកងពលតូចលេខ៧០ (ង៧០) សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពដំបូង នៅក្នុងមូលដ្ឋាន ចំនួន៧ខណ្ឌ រួមមាន៖ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌពោធិសែនជ័យ, ខណ្ឌឫស្សីកែវ, ខណ្ឌទួលគោក, ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕