(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា អ្នកនយោបាយគួរបកស្រាយឱ្យបានច្បាស់លាស់ អំពីកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយកុំយករឿងនេះដើម្បីកេងចំណេញនយោបាយ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោខាងក្រោម)
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈសម្តេច អញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា អ្នកនយោបាយទាំងឡាយបកស្រាយ នូវព្រឹត្តិការណ៍ទីក្រុងប៉ារីសឲ្យបានច្បាស់លាស់ ជាជាងការប្រើប្រាស់ នូវបញ្ហាទាំងនោះ កេងចំណេញនយោបាយ ដោយខ្វះការទទួលខុសត្រូវរហូតទៅដល់មានការក្លែងបន្លះនូវខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស។ កិច្ចព្រមព្រៀងប៉ារីស បាននិងកំពុងតែក្លាយខ្លួនទៅជារដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ»។
គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានលើកឡើងថា ប្រទេសកម្ពុជាពុំបានអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។ គណបក្សនេះបានស្នើសុំរៀបចំពិធីជួបជុំមួយ នៅទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិ នៅខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ខែតុលា ខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណា ការស្នើសុំនេះ សាលារាជធានីភ្នំពេញ ពុំអនុញ្ញាតនោះទេ៕