(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា អង្គសន្និបាតបានប្រព្រឹត្តិទៅរយៈ២ថ្ងៃ បានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥រួមមាន៖ បន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម, បន្តក៏សាងហេដ្ឋារចនាសម្ព័ន្ធនៃទីរួមខេត្ត, បន្តទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ, ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយខេត្តជាប់ព្រំដែន។

លោកអភិបាលខេត្ត បានជំរុញអភិវឌ្ឍន៍ផ្លូវលំជនបទ, លើកកម្ពស់ឧស្សាហកម្មកែច្នៃ, ជំរុញការអភិរក្ស និងគ្រប់គ្រងធនធានជលផល, បន្តជំរុញរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យរៀបចំដីសម្រាប់ធ្វើទីលានចាក់សំរាម, ជំរុញ និងពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណ និងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ, បង្កើនប្រសិទ្ធភាពការងារដោះស្រាយទំនាស់ និងវិវាទផ្សេងៗ, និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានភាពកក់ក្តៅ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារនៅគ្រប់មូលដ្ឋាន ក្នុងគោលបំណងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានណែនាំដល់រដ្ឋបាលខេត្តត្បូងឃ្មុំ គណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និង ថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោកបានបន្តថា អាជ្ញាធរដែនដីមន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបទល្មើសនានាឱ្យខាងតែបាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ គ្រឿងញៀន និងក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕