(ភ្នំពេញ)៖ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ជាអ្នកជំនួញ និងទស្សនវិទូជនជាតិជប៉ុនដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ នៅក្នុងពិភពលោក ខណៈទស្សនវិជ្ជានៃការធ្វើអាជីវកម្មរបស់លោក ក៏ត្រូវបណ្តាប្រទេសមួយចំនួនយកទៅអនុវត្ត ក្នុងនោះក៏រួមមានកម្ពជាផងដែរ។
ដើម្បីផ្សព្វផ្សាយពីទស្សនវិជ្ជាដ៏សំខាន់នេះ ដល់ប្រជាជនកម្ពុជា ជាពិសេសដល់បណ្តាសហគ្រិននានា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានទទួលសិទ្ធិបកប្រែ និងបោះពុម្ភផ្សាយសៀវភៅ ដែលជាស្នាដៃនិពន្ធរបស់លោក អ៊ីណាម៉ូរី កាហ៊្សូអូ ដែលមានចំណងជើងថា «Ikikata» បកប្រែជាភាសាខ្មែរ មានចំណងជើងថា «មាគ៌ាជីវិត»។
សៀវភៅ «មាគ៌ាជីវិត» ជាភាសាខ្មែរ ត្រូវបាន CJCC បានសម្ពោធកាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនការផ្សព្វផ្សាយ ដល់សាធារណជននៅកម្ពុជា ឱ្យជ្រួតជ្រៀបពីទស្សនវិជ្ជាដ៏ល្អនេះ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន បានឱ្យដឹងថា ការបកប្រែសៀវភៅនេះឡើង គឺដើម្បីរួមចំណែកបញ្រ្ជាបចំណេះដឹងទាក់ទងនឹងការរស់នៅ និងការធ្វើជំនួញនៅកម្ពុជា ប្រកបដោយសីលធម៌ និងគុណធម៌។ លោកជឿជាក់ថា នៅពេលដែល ពលរដ្ឋ និងអ្នកជំនួញកម្ពុជាអនុវត្តទ្រឹស្តីនេះ នឹងជំរុញឱ្យសង្គមបានល្អប្រសើរ។
លោក អ៊ីណាម៉ូរី កាហ៊្សូអូ ដែលជាអ្នកជំនួញ និងទស្សនវិទូជនជាតិជប៉ុនដ៏ល្បីល្បាញ ត្រូវបានទទួលការគោរពស្រលាញ់ពីសំណាក់ប្រជាជនជប៉ុនជាច្រើន។ សៀវភៅនេះផ្តល់ដំបូន្មានសំខាន់ៗដល់សហគ្រិន និងប្រជាជនទូទៅឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ចេះយកចិត្តទុកដាក់ដល់មនុស្សនៅជុំវិញខ្លួន និងសង្គមទាំងមូល។ ក្នុងនោះទ្រឹស្តីសំខាន់មួយគឺ «ការសម្រេចគោលដៅជីវិតមិនមែនស្ថិតនៅលើសម្ភារ: ឬទ្រព្យសម្បត្តិនោះទេ ប៉ុន្តែជាសេចក្តីសុខកើតចេញពីក្នុងចិត្តរបស់យើងម្នាក់ៗ»។
សម្រាប់អ្នកដែលចង់ជាវសៀវភៅនេះ អាចទំនាក់ទំនងបន្ថែមទៅកាន់ទូរសព្ទលេខ ០២៣ ៨៨៣ ៦៤៩ ឬចូលទៅកាន់តំណរភ្ជាប់ទិញសៀវភៅ៖ https://forms.gle/ga44jEEnKka3SVMj9៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកលោកបណ្ឌិត ម៉ី កល្យាណ៖