(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបខ្នាតធំមួយ នៅខេត្តកំពង់ធំ នឹងរួមគ្នាផលិតស្រូវសែនក្រអូប ដោយនឹងទទួលតម្លៃកុងត្រាទុកជាមុន ចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ។
នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ នៅលើគណនីហ្វេកប៊ុកផ្ទាល់ ដោយលោកបានសរសេររៀបរាប់ថា «ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ធរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ!»។
លោក ឃឹម ហ្វីណង់ បានបន្តថា «ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។»
មុននឹងបញ្ចប់ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានឆ្លៀតអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបដែលពិតជាអាណិត ពិតជាចង់ជួយដោះស្រាយបញ្ហាជូនប្រជាកសិករមែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា៕