(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំប្រតិភូក្រុមហ៊ុនចិន ឈ្មោះ BAO FENG international Agricultural Development Co.LTD
ចុះសិក្សាស្វែងយល់ពីការងារកសិកម្មស្រូវ របស់ក្រុមហ៊ុន លឹម ប៊ុណ្ណាអង្គរស្ថិតនៅភូមិត្រាច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក នី វណ្ណថា ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបង្កើតឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានដាក់ទុនកសាង២០លានដុល្លារ។ ក្រុមហ៊ុនមានផ្ទៃដីជាង៥០០០ហិកតា ការបង្កបង្កើនផលដាំដុះស្រូវពូជផ្ការំដួលនៅឆ្នាំនៅឆ្នាំទី១ បានជាង៣០០ហិកតា និងសម្រាប់នៅឆ្នាំទី២បានជាង១ពាន់ហិកតា ចំណែកទិន្នផលស្រូវ ក្នុងមួយហិកតា ទទួលបានពី៥ទៅ៦តោន។ អាយុកាលនៃការដាំដុះស្រូវពូជផ្ការំដួលនេះ មានបួនខែកន្លះហើយការដាំដុះ គឺចាប់ពីចុងខែមិថុនាទៅ ។ លោកបានបន្តទៀតថា ភាពជោគជ័យលើដំណាំស្រូវត្រូវផ្អែកលើកត្តា៦យ៉ាង ប្រភេទដីល្អ ទឹកគ្រប់គ្រាន់ ពូជសុទ្ធល្អ ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំ និងធនធានមនុស្ស។
លោក ឈីន យ៉ាឡុង ប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនរបស់លោកបានដាក់ទុនជាង៦០លានដុល្លារ ក្នុងការវិនិយោគ លើវិស័យកសិកម្ម មានគោលដៅចំនួន៣រួមមាន៖ ទី១-ធ្វើស្រែដោយសហការជាមួយប្រជាពលរដ្ឋលើផ្ទៃដី១ម៉ឺនហិកតា ទី២-ចិញ្ចឹមគោយកសាច់ដោយយកពូជពីប្រទេសអូស្ត្រាលី និងចិនហើយនាំចេញទៅចិនក្នុងមួយឆ្នាំឲ្យបាន១ម៉ឺនក្បាល និងទី៣-ផលិតរោងចក្រឡសំងួត កែច្នៃប្រព័ន្ធធារាសាស្ត្រដោយប្រើប្រាស់កម្មករ៦០០នាក់នៅចុងឆ្នាំ២០១៦នេះទៅ។
លោកបានបង្ហាញការរីករាយយ៉ាងខ្លាំង នៅពេលបានឃើញទិន្នផលស្រូវរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ដែលបានធ្វើទៅតាមលក្ខណៈបច្ចេកទេស ហើយលោក នឹងយកបទពិសោធន៍ទាំងអស់នេះទៅអនុវត្តតាម។ លោក គង់ វិមាន បានថ្លែងថា ក្រុមហ៊ុន លឹម ប៊ុណ្ណា គឺជាក្រុមហ៊ុនធំជាងគេ នៅក្នុងខេត្តដែលបានប្រមូលជួយទិញស្រូវពី ប្រជាពលរដ្ឋនៅក្នុងខេត្តបានច្រើនជាងគេ និងធ្វើការដាំដុះស្រូវច្រើន។ លោកបានសំណូមពរដល់ប្រធានក្រុមហ៊ុនចិន ដែលបានវិនិយោគ ធ្វើយ៉ាងណាជួយនៅពេលក្រុមហ៊ុនដំណើរការជួយទិញស្រូវ ពីប្រជាពលរដ្ឋ និងជួយផ្តល់ការងារឲ្យប្រជាពលរដ្ឋក្នុងតំបន់នោះបានធ្វើផង៕