(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ៣នាក់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ដែលជាប់ពាក់ព័ន្ធក្នុងករណីឆក់ និងលួចនៅពីរកន្លែងផ្សេងគ្នា ក្នុងខណ្ឌដូនពេញ។

មន្ដ្រីនគរបាលខណ្ឌបានបញ្ជាក់ថា ករណីទី១. កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានឆក់កាមេរ៉ាថតរូប ពីជនរងគ្រោះជនជាតិស្វីសម្នាក់ ឈ្មោះ URBANSEGE. LUCAS នៅចំណុចផ្លូវលេខ២០០ កែងលេខ៦៣ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលជនសង្ស័យទី១- ឈ្មោះ ស្រេង ឆក អាយុ២៨ឆ្នាំ ទី២- ឈ្មោះ យ៉ាន់ រាជ អាយ២១ឆ្នាំ ក្នុងនោះ កម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-8927 និងកាមេរ៉ាថតរូបពណ៌ខ្មៅមួយគ្រឿង ជារបស់ជនរងគ្រោះ។

មន្ដ្រីនគរបាលដដែលបានបន្ថែមថា ចំពោះករណីទី២. កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ហេង ធារ៉ា អាយុ២២ឆ្នាំ ក្នុងចំណោមបក្ខពួក២នាក់ ដែលបានលួចទូរសព្ទ័ដៃ មួយគ្រឿង ម៉ាក iPhone5 ពីជនរងគ្រោះឈ្មោះ ស៊ឹម ម៉ារី នៅចំណុចខាងត្បូងរង្វង់មូលស្តាតចាស់  ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងភូមិ៨ សង្កាត់ស្រះចក។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដ៕